ភ្ញាក់ផ្អើល! វ៉ា សុខថន ត្រលប់មកចូលរួមជាមួយភ្នំពេញក្រោន ជាលើកទី២

មាស សុផាណារ៉ុង December 13, 2018


ភ្នំពេញ៖ ខ្សែ​បម្រើកូនកាត់ខ្មែរបារាំង កីឡាករ វ៉ា សុខថន បានត្រលប់មកចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន សារជាថ្មីម្តងទៀត ក្នុងកិច្ចសន្យាផ្លូវការរយៈពេល១ឆ្នាំ នេះបើយោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ក្លឹបផ្ទាល់នៅរសៀលថ្ងៃទី១៣ ខែធ្នូ មុននេះបន្តិច។

វ៉ា សុខថន ផ្ទាល់បានធ្វើដំណើរពីប្រទេសបារាំងមកដល់កម្ពុជាហើយនៅរសៀលនេះ ហើយគ្រោងនឹងធ្វើតេស្តពិនិត្យសុខភាពនៅថ្ងៃបន្ទាប់ មុននឹងចុះហត្ថលេខាជាផ្លូវការជាមួយក្លឹបដែលរូបគេធ្លាប់ឈ្នះជើងឯកជាមួយម្ដងកាលពីឆ្នាំ២០១៥ និងធ្វើឱ្យរូបគេក្លាយជាកីឡាករទី៦ដែលក្លឹបបាននាំមកសម្រាប់ត្រៀមរដូវកាល២០១៩ បន្ទាប់ពី ពុំ តុលា, ស៊ាន ភីសា, Paulo Victor, Leonardo Oliveira Tavares និង Tae Woong Kim ដែលចុះហត្ថលេខាកាលពីម្សិលមិញ។

សូម​រំឭក​ថា សុខថន បាន​មក​ប្រកប​អាជីព​នៅ​លីគ​កំពូល​កម្ពុជា ​រដូវ​កាល​២០១៤​និង​២០១៥ តែ​បាន​ត្រលប់​ទៅ​បារាំង​វិញ​​ទាំង​មិន​ទាន់​ចប់​រដូវ​កាល​ទី​២​ ក្រោម​មូលហេតុ​ផ្ទាល់​ខ្លួន​។ អំឡុង​ឆ្នាំ​២០១៥ រូប​គេ​ក៏​​ត្រូវ​បាន​លោក Lee Tae Hoon កោះ​ហៅចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បង្ហាញខ្លួនបាន​៦​ដង​ និង​ទាត់បាល់បញ្ចូលទីបាន​១​គ្រាប់​​ផងដែរ។

វ៉ា សុខថន មាន​ដើមកំណើត​នៅ​ទីក្រុង Le Creusot ស្ថិត​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​បារាំង Burgundy ប៉ុន្តែ ឪពុក​ម្តាយ​របស់​គេ មាន​ដើមកំណើត​មកពី​ខេត្ត​ក្រចេះ និង​ព្រៃវែង​៕

 

រូបភាព៖ Masayori Ishikawa & Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់