គ្រូ EDC ថា ទោះធ្លាក់ទៅលេង League-II ក៏យើងមិនប្រើបរទេសដែរ!

នូ មករា December 13, 2018


ភ្នំពេញ៖ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា(EDC) បានឲ្យដឹងថា សម្រាប់ការត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ ខាងមុខ ថ្នាក់ដឹកនាំក្លឹបបានសម្រេចរួចហើយ ដោយរក្សាការប្រើប្រាស់ធនធានកីឡាករក្នុងស្រុក មិនប្រើប្រាស់កីឡាករបរទេសឡើយ ទោះបីក្រុមត្រូវធ្លាក់ទៅលេងលីគទី២ League-II ក៏ដោយ។

បងប្រុសអតីតគ្រូបង្វឹកក្រុមជម្រើសជាតិលោក ប្រាក់ សុវណ្ណារ៉ា រូបនេះ បញ្ជាក់ថា៖ «សម្រាប់រដូវកាលថ្មី ថ្នាក់ដឹកនាំក្លឹប គាត់នៅតែរក្សាជំហរ មិនប្រើប្រាស់កីឡាករបរទេសដដែរ និយាយរួមទោះក្រុមយើងធ្លាក់ទៅលេង League-II ក៏យើងមិនប្រើបរទេសដែរ ព្រោះយើងចង់អភិវឌ្ឍន៍យុវជន និងផ្ដល់ឱកាសពួកគេដើម្បីរួមចំណែកជំរុញវិស័យកីឡាបាល់ទាត់ខ្មែរយើងឲ្យមានការរីកចម្រើន» ។ ការអះអាងបែបនេះ ស្របពេលកីឡាករស្នូលរបស់ក្លឹបអគ្គិសនីកម្ពុជា គឺកីឡាករ ម៉ាត់ នូរុណ បានចាកចេញទៅរួមរស់ជាមួយក្លឹបបឹងកេតកាលពីពេលថ្មី។

 

គ្រូបង្វឹកខាងលើថា ទោះបីកីឡាករខ្វះខាតយើងណា យើងនៅតែព្យាយាម និងបណ្ដុះបណ្ដាលកីឡាករក្នុងស្រុកដើម្បីប្រើប្រាស់ ជាក់ស្ដែងបច្ចុប្បន្នក្លឹបបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ១១ ក្នុងរដូវកាលឆ្នាំ២០១៨ នេះ ក៏កំពុងធ្វើតេស្ដកីឡាករយុវជនជាច្រើនដើម្បីចម្រាញ់កីឡាករមានសមត្ថភាព និងទេពកោសល្យចូលរួមជាមួយក្រុមថ្នាលរបស់ខ្លួនផងដែរ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់