ឯកឧត្តម សៅ សុខា ប្រកាសដំឡើងប្រាក់ខែគ្រូបង្វឹករបស់សហព័ន្ធម្នាក់ៗយ៉ាងតិច ២លានរៀល ប៉ុន្ដែ…!

នូ មករា December 9, 2018


ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសដំឡើងប្រាក់ឧបត្ថម្ភ(ប្រាក់ខែ) ដល់គ្រូកីឡារបស់សហព័ន្ធ យ៉ាងតិច ២លានរៀល ដោយចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩ តទៅ ប៉ុន្ដែសហព័ន្ធក៏ត្រូវការពិនិត្យ និងស្នើឲ្យគ្រូបង្វឹកទាំងអស់គោរពម៉ោងការងារជាអាទិ៍ផងដែរ ។ ការប្រកាសនេះ បានធ្វើឡើងក្នុងពិធីបើកការប្រកួតជ្រើសរើសជើងឯកយុវជនក្រោមអាយុ ១៥ឆ្នាំ/១៧ឆ្នាំ និងបាល់ទាត់នារី ឆ្នាំ២០១៨ នៅខេត្តព្រះវិហារ កាលពីម្សិលមិញ។
    
ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដដែល បានបញ្ជាក់ថា ការប្រកាសឧបត្ថម្ភប្រាក់បៀវត្សន៍បន្ថែមដល់គ្រូហ្វឹកហាត់បាល់ទាត់នេះ ដោយសារចង់បង្កើនការយកចិត្តទុកដាក់ដល់គ្រូៗ ស្របតាមគោលនយោបាយដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលបានយកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងលើជីវភាពរបស់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ កម្មករ និយោជិក ទាំងរដ្ឋ និងឯកជន ។ ដូច្នេះហើយសហព័ន្ធ នឹងធ្វើការពិនិត្យលើគុណសម្បត្តិរបស់គ្រូម្នាក់ៗ ដើម្បីបង្កើនប្រាក់ឧបត្ថម្ភ បន្ថែមលើប្រាក់ផ្ដល់ជូនដោយរដ្ឋ។
 
ឯកឧត្តមបន្ដថា៖ «ចាប់ពីខែមករា ឆ្នាំ២០១៩ ទៅ ដោយផ្អែកលើគុណសម្បត្តិ និងលក្ខខណ្ឌបច្ចេកទេសរបស់គ្រូ គ្រូត្រូវតែទទួលបានការបណ្ដុះបណ្ដាល ប្រឡង និងទទួលបានសញ្ញាបត្រ ហើយធ្វើការគ្រប់តាមពេលម៉ោងកំណត់ មិនមែនធ្វើឈប់ៗទេ ពិសេសយកតាមគោលការណ៍មួយថ្ងៃ ៨ម៉ោង ។ សហព័ន្ធនឹងពិនិត្យឧបត្ថម្ភប្រាក់ប្រចាំខែ ក្នុងមួយខែគឺ ២លានរៀលបន្ថែមលើប្រាក់ខែ ដែលរដ្ឋបានផ្ដល់ឲ្យ តាមរយៈក្រសួងអប់រំ ។ ចឹងគ្រូម្នាក់ៗ អាចទទួលបានប្រាក់ខែសរុបជាង ៣លានរៀល ឬជាង ៧៥០ដុល្លារក្នុងមួយខែ ព្រោះរដ្ឋបានផ្ដល់ជូនយ៉ាងតិច ១លានរៀលដែរ…» ។
 
គួរបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកយុវជនក្រោមអាយុ ១៥ឆ្នាំ/១៧ឆ្នាំ និងបាល់ទាត់នារី ឆ្នាំ២០១៨ ដែលខេត្តព្រះវិហារ ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះពិធីបើកការប្រកួតកាលពីម្សិលមិញ គឺមានក្រុមចូលរួមសរុបជាង ៦០ក្រុម ហើយបែងចែកការប្រកួតជា ៤ពានផ្សេងៗគ្នា រួមមានពានលីគ U15 មានចំនួន ២៥ក្រុមចូលរួម, លីគ U17 មាន ២៥ក្រុមចូលរួម, លីគបាល់ទាត់នារីកម្រិតទី១ មាន ១០ក្រុមចូលរួម និងលីគបាល់ទាត់នារីកម្រិតទី២ មាន ៥ក្រុមចូលរួម ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ខាងមុខ ៕
អត្ថបទ៖ បុត្រា, ប្រភពរូបភាព៖ FFC

 

មតិយោបល់