Yeon Gisung មកកម្ពុជាវិញ និងផ្លាស់ទៅចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង

មាស សុផាណារ៉ុង December 7, 2018


ភ្នំពេញ៖ អតីតសមាជិកនៃក្លឹបភ្នំពេញក្រោន កីឡាករ Yeon Gisung បានក្លាយជាសមាជិកផ្លូវការរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបផ្ទាល់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ។

កិច្ចសន្យារវាងកីឡាករសញ្ជាតិកូរ៉េខាងត្បូង ជាមួយក្លឹបព្រះខ័នរាជស្វាយរៀង គឺស្ថិតក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ ដើម្បីត្រៀមសម្រាប់រដូវកាល២០១៩ នៃពានរង្វាន់លីគកំពូលកម្ពុជា ខណៈមកទល់ពេលនេះ Yeon Gisung បានចូលរួមហ្វឹកហាត់ជាមួយក្រុមផងដែរ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេស៣នាក់ហើយនៅក្នុងក្រុម រួមមានកីឡាករជប៉ុន Daisuke Kobayashi ដែលជាសមាជិកកាលពីរដូវកាលមុន រួមមជាមួយ Harley Willard។

កីឡាករ Yeon Gisung ត្រូវបានស្គាល់យ៉ាងច្បាស់នៅកម្ពុជា គ្រាដែលរូបគេបានមកប្រកបអាជីពនៅលីគកំពូលកម្ពុជា កាលពីរដូវកាល២០១៧ ជាមួយភ្នំពេញក្រោន ប៉ុន្តែមុនមកភ្នំពេញក្រោន កីឡាករវ័យ២៩ឆ្នាំរូបនេះ បានប្រកបអាជីពនៅលីគថៃ ជាមួយ BEC Tero FC ( បច្ចុប្បន្ន Police Tero FC ) PTT Rayong និងលេងនៅមីយ៉ាន់ម៉ា ជាមួយ Yadanarbon FC ហើយកាលពីរដូវកាលមុន ជាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប PKNP នៅលីគកំពូលម៉ាឡេស៊ី រហូតត្រលប់មកចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង៕

 

រូបភាព៖ Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់