កីឡាករល្បីៗ បបួលគ្នាប្រកួតមិត្តភាពជាមួយក្រុម 7NG រកមូលនិធិជួយពេទ្យគន្ធបុប្ផា

នូ មករា December 6, 2018


ភ្នំពេញ៖ កីឡាករល្បីៗ និងមានប្រជាប្រិយភាពក្នុងស្រុកជាច្រើន បាននឹងកំពុងបបួលគ្នា ចូលរួមកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌មួយ នាថ្ងៃទី១០ ខែធ្នូខាងមុខ ដោយត្រូវប្រកួតទល់នឹងក្រុមមិនអាជីព 7NG ដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីពេទ្យគន្ធបុប្ឋា ។ កម្មវិធីសប្បុរសធម៌នេះ គឺផ្ដួចផ្ដើមរៀបចំដោយលោក ស្រី ចាន់ថា ថ្នាក់ដឹកនាំក្រុម 7NG ដើម្បីរួមចំណែកជួយដល់សង្គម តាមរយៈសកម្មភាពបាល់ទាត់ ។ ហេតុនេះលោកសង្ឃឹមថា យ៉ាងមុតមាំថា ការប្រកួតនេះ នឹងទទួលបានការគាំទ្រ និងមានការចូលរួមច្រើនពីសំណាក់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសអ្នកគាំទ្រកីឡាករជម្រើសជាតិ និងអតីតកីឡាករជម្រើសជាតិ ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះតែម្ដង។
 

ទន្ទឹមជាមួយគ្នា គេឃើញមានកីឡាករជម្រើសជាតិកម្ពុជា ៣រូប បានត្រៀមខ្លួនហើយជាស្រេច ក្នុងការចូលរួមនេះ រួមមានកីឡាករ ចាន់វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និងកីឡាករ ឈិន ឈឿន ។ លើសពីនេះ ក៏មានកីឡាករអាជីពមួយចំនួនបានបង្ហាញពីការត្រៀមខ្លួនចូលរួមក្នុងកម្មវិធីនេះផងដែរ ដូចជាម្ចាស់ពានឯកត្ដជនរបស់ CNCC ចំនួន ៤ គឺកីឡាករ នួន បូរី ជាដើម ។ ចំណែកកីឡាករផ្សេងៗ ដែលកំពុងសម្រាកពីការប្រកួតពានសម្ដេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជា ក៏អាចចូលរួមបានដែរ។

 

គួរបញ្ជាក់ថា សម្រាប់ក្រុមមានការបបួសគ្នាចូលរួមពីសំណាក់កីឡាករអាជីពក្នុងស្រុក នឹងប្រើឈ្មោះថា ក្រុមបាល់ទាត់ BFF ហើយត្រូវប្រកួតជាមួយក្រុមបាល់ទាត់ 7NG នាវេលាម៉ោង ៤៖៣០នាទីល្ងាច នៅលើទីលានពហុកីឡដ្ឋានជាតិ នាថ្ងៃទី១០ ខែធ្នូ ខណៈសំបុត្រចូលទស្សនាមានតម្លៃ ៥,០០០រៀល។ ចំពោះថវិកាទទួលបានការលក់សំបុត្រ ក៏ដូចជាការបរិច្ចាគផ្សេងៗ នឹងត្រូវបរិច្ចាគទាំងស្រុង ជូនមន្ទីរពេទ្យគន្ធបុប្ឋាតែម្ដង៕
អត្ថបទ៖ បុត្រា

 

មតិយោបល់