ផ្លូវការ! ម៉ាត់ នូរុណ ចូលរួមជាមួយក្លឹបបឹងកេត គួរឱ្យភ្ញាក់ផ្អើល

មាស សុផាណារ៉ុង December 6, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត បានប្រកាសបង្ហាញជាផ្លូវការក្នុងនាំយកសមាជិកថ្មី១រូបទៀតសម្រាប់រដូវកាលថ្មី២០១៩ ពោលគឺកីឡាករ ម៉ាត់ នូរុណ ដែលបានផ្លាស់ពីក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា។

សូមបញ្ជាក់ថា ម៉ាត់ នូរុណ មានប្រវត្តិជាយុវជនថ្នាលរបស់ភ្នំពេញក្រោន កាលពីអំឡុងឆ្នាំ២០១៣មក រហូតដល់ចាកចេញពីក្លឹបហើយផ្លាស់មកចូលរួមជាមួយ អគ្គិសនីកម្ពុជា ក្នុងឆ្នាំ២០១៦ និងជួយអោយក្លឹបឡើងមកលីគកំពូលកម្ពុជាចាប់ពីរដូវកាល២០១៧រហូតដល់បច្ចុប្បន្ន។ ក្រៅពីនេះយុវជនដែលត្រូវបានគេចាត់ថាជា ចាន់ វឌ្ឍនាកា ទី២រូបនេះក៏បានជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ និងរហូតដល់ជាប់ជម្រើសជាតិឈុតធំ ក្នុងឆ្នាំ២០១៨នេះ រួមទាំងបង្ហាញខ្លួនបាន១ប្រកួតផងដែរ។

ការផ្លាស់មកចូលរួមរបស់ ម៉ាត់ នូរុណ គឺជាកីឡាករវ័យក្មេងទី៤ដែលក្លឹបនាំមក បន្ទាប់ពីអ្នកចាំទី ហ៊ុល គីមហ៊ុយ, សឿត ណាវ៉ា និង ទេស សម្បត្តិ ដែលសុទ្ធសឹងតែផ្ទេរមកពីក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី៕

 

រូបភាព៖ Phnom Penh Crwon & Boeung Ket Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់