Leonardo បង្ហើបមូលហេតុគួរឱ្យចាប់អារម្មណ៍ពីការនាំកីឡាករវ័យក្មេង២រូបមករួមភ្នំពេញក្រោន

មាស សុផាណារ៉ុង December 6, 2018


ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការអំពីសមាជិកថ្មីរបស់ខ្លួន ២រូបដែលសុទ្ធតែជាជនជាតិប្រេសុីលដោយម្នាក់ជាខ្សែបម្រើប្រយុទ្ធ និងម្នាក់ទៀតជាអ្នកចាំទី​ ខណៈកីឡាករទាំង២រូបនេះសុទ្ធតែមានវ័យក្មេងដែលប្រហាក់ប្រហែលទៅនឹងសមាជិកបច្ចុប្បន្នរបស់ក្លឹបកំពុងមានស្រាប់។ កីឡាករ Paulo Victor ដែលលេងក្នុងតួនាទីជាខ្សែប្រយុទ្ធមានវ័យ២៤ឆ្នាំ ស្របពេលអ្នកចាំទីវ័យក្មេងគឺកីឡាករ Leonardo Oliveira Tavares មានវ័យ២៣ឆ្នាំ។

លោក Leonardo Vitorino បានលើកឡើងថា៖ «នៅប្រេស៊ីលកីឡាករដែលនៅក្មេងគេមានមហច្ឆិតាចង់ឈ្នះពានក្នុងចិត្តរួចទៅហើយ ការនាំកីឡាករក្មេងដោយសារក្រុមសុទ្ធតែកីឡាករក្មេងស្រាប់ ដូច្នេះខ្ញុំចង់ឱ្យមានការផ្លាស់ប្ដូរ ពីព្រោះភាគច្រើនកីឡាករបរទេសដែលមកប្រកបអាជីពនៅកម្ពុជាគឺមកដើម្បីបញ្ចប់អាជីពបាល់ទាត់នៅទីនេះ ខ្ញុំចង់ធ្វើឱ្យមានស្ថានភាពផ្សេង ឱ្យពួកគេចាប់ផ្ដើមជាមួយយើង ដើម្បីក្លាយជាក្រុមល្អមួយនៅអាស៊ី ខ្ញុំមិនមែនសម្លឹងមើលឃើញតែភាពជោគជ័យក្នុងកម្ពុជា ប៉ុន្តែខ្ញុំចង់ឱ្យក្រុមជោគជ័យក្នុងតំបន់អាស៊ីផងដែរ ដូច្នេះបើសិនជាយើងឈ្នះជើងឯក យើងមានឱកាសប្រកួតក្នុងពាន AFC Cup ជាមួយនឹងកីឡាករក្មេងជាច្រើន ផងដែរគឺល្អប្រសើរសម្រាប់បាល់ទាត់កម្ពុជា ពីព្រោះពួកគេអាចមានអនាគតល្អ ហើយអាចចេញទៅប្រកបអាជីពនៅក្រៅប្រទេស»។

សូមបញ្ជាក់ថា កីឡាករទាំង២នាក់ នឹងក្លាយជាសមាជិកបរទេសដំបូងតំណាលគ្នាសម្រាប់រដូវកាលនេះ បន្ថែមពីការនាំចូលសមាជិកខ្មែរ២រូបរួចមកហើយ គឺកីឡាករ ពុំ តុលា និងស៊ាន ភីសា៕

 

រូបភាព៖ Phnom Penh Crown

អត្ថបទ៖ ណារ៉ុង

មតិយោបល់