Leonardo៖ «សមាជិក២រូបបន្ថែមពីលើកីឡាករ សម្រាប់ភ្នំពេញក្រោន ក៏ជាចំណែកដែលមិនអាចខ្វះបាន»

មាស សុផាណារ៉ុង December 5, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានធ្វើសន្និសីទសារព័ត៌មានបង្ហាញសមាជិកថ្មីរបស់ខ្លួនចំនួន៤រូប នៅថ្ងៃទី០៥ ខែធ្នូនេះ ក្នុងនោះរួមមានកីឡាករ២រូប និងក្រុមគ្រូបង្វឹកចំនួន២រូប ខណៈដែលគ្រូបង្វឹកទាំង២រូបនេះក៏ជាចំណែកដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ក្លឹប នេះបើតាមការបញ្ជាក់ដោយ លោក Leonardo Vitorino គ្រូបង្វឹកផ្ទាល់។

ជាមួយនឹងខ្សែបម្រើប្រយុទ្ធ និងម្នាក់ទៀតជាអ្នកចាំទី ដែលសុទ្ធសឹងតែជនជាតិប្រេសុីល ក្រុមគ្រូបង្វឹក២នាក់ទៀតក៏មានសញ្ជាតិប្រេស៊ីលដូចគ្នា ពោលគឺគ្រូកាយសម្បទា ( Fitness coach ) លោក Luiz Andre និងគ្រូពេទ្យ ( ​Physiologist )​ លោក ​​​Predo Icaro Marques Benevento។

លោក Leonardo Vitorino បានបង្ហាញយ៉ាងដូច្នេះថា សម្រាប់លោក Predo ដែលជាគ្រូពេទ្យ ការនាំមកនេះគឺជាគោលដៅដើម្បីធ្វើអោយមានការវិវឌ្ឍន៍ទាំងនៅក្រុមឈុតធំ និងក្រុមយុវជន ខណៈការងាររបស់គឺផ្ដោតសំខាន់ទៅលើបញ្ហារបួសរបស់កីឡាករ ដោយមានវិធីការពាររបួស ការព្យាបាលត្រឹមត្រូវ និងជាពិសេសធ្វើយ៉ាងណាអោយរបួសឆាប់ជារហ័ស។

ដោយឡែកសម្រាប់ លោក Luiz Andre ដែលជាគ្រូកាយសម្បទា ( Fitness coach ) គឺនាំមកដើម្បីផ្ដោតទៅលើផ្នែកកាយសម្បទាទាំងឈុតធំ និងក្រុមយុវជនមានភាពរឹងមាំ ជាមួយនឹងបទពិសោធដ៏ជោគជាំរបស់លោក ធ្វើអោយលោក Leonardo ជឿជាក់ថានឹងធ្វើអោយកាយសម្បទា កម្លាំងកាយ ជាពិសេសផ្ដល់បទពិសោធដល់បុគ្គលិកក្លឹប ទាំងឈុតធំ និងឈុតយុវជន។

សូមបញ្ជាក់ថា ចាប់តាំងពីលោក Leonardo Vitorino ចូលមកដឹកនាំ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះ បាននាំមកជាមួយនូវសមាជិកថ្មីៗជាច្រើនទាំងកីឡាករ និងក្រុមគ្រូជំនួយ ហើយសុទ្ធសឹងតែមានសញ្ជាតិប្រេស៊ីលដូចគ្នា៕

 

រូបភាព៖ Phnom Penh Crown

អត្ថបទ៖ ណារ៉ុង

មតិយោបល់