អាស៊ីអឺរ៉ុប ចាប់ផ្ដើមចម្រាញ់កីឡាករផ្លូវការ ត្រៀមរដូវកាលថ្មី ដោយផ្ដោតលើកត្ដា ៤យ៉ាង!

មាស សុផាណារ៉ុង December 5, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប យូណាយធីត បានចាប់ផ្ដើមយុទ្ធនាការធ្វើតេស្ដកីឡាករលើកចុងក្រោយ ក្នុងដំណាក់កាលទី២ ដើម្បីចម្រាញ់កីឡាករផ្លូវការ ត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ ហើយ ដោយក្លឹបផ្ដោតលើកត្ដាសំខាន់ៗ ៤យ៉ាងក្នុងការជ្រើសរើស រួមមានកម្លាំង បច្ចេកទេស កលល្បិច និងចិត្តសាស្ដ្ររបស់កីឡាករម្នាក់ៗ ។ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក សុក វាសនា អំឡុងពេលធ្វើតេស្ដកីឡាករថ្ងៃដំបូង ក្នុងដំណាក់កាលទី២ លើទីលាន V-Soccer កាលពីម្សិលមិញ ។

លោក សុក វាសនា និយាយថា «ថ្ងៃនេះយើងធ្វើតេស្ដដំណាក់កាលទី២ ដោយកីឡាករចាស់ និងថ្មី មានគ្នាជាង ៣០នាក់ ។ កម្មវិធីធ្វើតេស្ដនេះ មានរយៈពេល ៤ថ្ងៃ ដើម្បីជម្រុះយកកីឡាករប្រហែល ២០នាក់ សម្រាប់ត្រៀមរដូវកាលថ្មី ក្នុងនោះយើងផ្ដោតលើកត្ដាសំខាន់ ៤យ៉ាង ទី១ កម្លាំង ទី២ បច្ចេកទេស ទី៣ កលល្បិច និងទី៤ គឺចិត្តសាស្ដ្រ ។ ការធ្វើតេស្ដនេះ យើងមិនផ្ដោតលើកីឡាករចាស់ ឬថ្មីទេ សំខាន់ពួកគេ ត្រូវបំពេញតាមគោលការណ៍យើងចង់បាន មានន័យថា កីឡាករថ្មីក៏ដោយ ឲ្យតែគាត់ធ្វើបានល្អ គាត់នឹងមានឱកាស ហើយកីឡាករចាស់ៗ ក៏ដូច្នោះដែរ» ។

បើតាមការបញ្ជាក់របស់អតីតគ្រូបង្វឹកក្រុមយុវជនព្រះខ័នរាជស្វាយរៀងខាងលើ បានបន្ដថា ការធ្វើតេស្ដនេះ គឺផ្ដោតលើកីឡាករខ្មែរសិន ហើយការកំណត់ចំនួនកីឡាករ គឺអាស្រ័យលើការសម្រេចរបស់ថ្នាក់ដឹកនាំក្លឹប ដើម្បីឲ្យត្រូវនឹងខ្ទង់ចំណាយរបស់ក្លឹប ។ ដូច្នេះកីឡាករក្លឹបត្រៀមជ្រើសរើស អាចចន្លោះពី ២០ ទៅ ២២នាក់ ។ បន្ទាប់មកទើបលោក ងាកទៅធ្វើតេស្ដកីឡាករបរទេសយកប្រហែល ៥នាក់ទៀត សម្រាប់ត្រៀមលីគរដូវកាលថ្មី ឆ្នាំ២០១៩ ។ លើសពីនេះ ក្នុងការធ្វើតេស្ដដំណាក់កាលទី២ នេះ អាស៊ីអឺរ៉ុប ក៏នឹងធ្វើការប្រកួតមិត្ដភាពដកស្រង់បច្ចេកទេសជាមួយក្រុមប៉ូលិស នាថ្ងៃទី០៧ ខែធ្នូខានស្អែក ដើម្បីពិនិត្យមើលសមត្ថភាពកីឡាករម្នាក់ៗផងដែរ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់