ចាំអ៊ុត! ភ្នំពេញក្រោនបង្ហាញកីឡាករថ្មីរសៀលនេះ តើជាកីឡាករខ្មែរ ឬបរទេស?

មាស សុផាណារ៉ុង December 5, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នារសៀលថ្ងៃពុធនេះ ស្ដីពីការបង្ហាញសមាសភាពសមាជិកថ្មីរបស់ខ្លួន ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ ខាងមុខ ។ ចាំមើលតើសមាជិកថ្មីនោះ គឺជាកីឡាករខ្មែរ ឬជាកីឡាករបរទេស?

យោងតាមការជូនដំណឹងរបស់ក្លឹប បានបញ្ជាក់ថា សន្និសីទនេះ នឹងធ្វើឡើងនាវេលាម៉ោង ៣រសៀល ដោយអនុញ្ញាតឲ្យអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិចូលរួមផ្តិតយករូបភាព និងព័ត៌មាន ដោយសេរី នៅកីឡដ្ឋាន RSN ផ្ទាល់តែម្ដង ។ ប៉ុន្ដែក្លឹបមិនបានបញ្ជាក់ពីចំនួនកីឡាករថ្មី ដែលត្រូវបង្ហាញនោះទេ ។ កាលពីដើមសប្ដាហ៍កន្លងទៅ លោក Leonardo Vitorino គ្រូបង្វឹកអតីតក្រុមជើងឯក ៦សម័យកាលនេះ បានបង្ហើបលើបណ្ដាញសង្គមខ្លួនថា ក្នុងសប្ដាហ៍នេះ ក្លឹបភ្នំពេញក្រោន នឹងបង្ហាញកីឡាករថ្មីចំនួន៥នាក់ ហើយលោកក៏បានអំពាវនាវដល់អ្នកគាំទ្រក្លឹបភ្នំពេញក្រោនទាំងអស់ រង់ចាំអ៊ុតថាតើពួកគេ គឺជានរណាផងដែរ ។

ទន្ទឹមជាមួយគ្នា អ្នកការក្រុមវ័យក្មេងលោក កែវ សុខង៉ន ក៏បានបង្ហើបកាលពីពេលថ្មីៗថា ភ្នំពេញក្រោនកំពុងធ្វើការចរចាជាមួយកីឡាករបរទេស ដែលកំពុងលេងនៅលីគថៃ ២ ទៅ ៣នាក់ ។ ដូច្នេះវាក៏អាចពាក់ព័ន្ធនឹងការធ្វើសន្និសីទសារព័ត៌មានបង្ហាញវត្ដមានកីឡាករថ្មី នារសៀលនេះដែរ ។

ហេតុនេះ កុំភ្លេចចាំអ៊ុតទាំងអស់គ្នា តើកីឡាករថ្មី ដែលត្រូវមកចូលរួមជាមួយក្លឹបដ៏ជោគជ័យក្នុងស្រុកមួយនេះ គឺជាអ្នកណាខ្លះ? ការបង្ហាញកីឡាករថ្មីនេះ ក៏មានការផ្សាយផ្ទាល់លើ Page ផ្លូវការរបស់ក្លឹបផងដែរ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់