ជារី ចន្ថាប៊ីន​ សារភាពថា ក្រុមបិសាចក្រហម Man Utd រួមចំណែកដ៏ធំក្នុងអាជីពបាល់ទាត់របស់ខ្លួន!

នូ មករា December 4, 2018


ភ្នំពេញ៖ កីឡាករបាល់ទាត់ដែលកំពុងទទួលបានភាពល្បីល្បាញនៅក្នុងចំណោមមហាជនខ្មែរ ជារី ចន្ថាប៊ីន បានសារភាពថារូបគេមានអនុស្សាវរីយ៍ដ៏សំខាន់មួយជាមួយក្រុមបិសាចក្រហម Man Utd ដែលជាក្លឹបដ៏ជោគជ័យមួយនៅក្នុងប្រទេសអង់គ្លេស បើទោះបីជារូបគេបានចាប់កំណើតនិងធំធាត់នៅក្នុងប្រទេសបារាំងក្តី។ ខ្សែបម្រើការពាររាងសង្ហាររូបនេះបានបន្ថែមថា កាលពីវ័យកុមាររូបគេតែងតែលែងបាល់ជាមួយមិត្តភក្តិជាពិសេសពេលចេញពីរៀន ប៉ុន្តែមិនទាន់មានចំណូលចិត្តចង់ចាប់យកជាអាជីពនាពេលអនាគតនៅឡើយទេ រហូតដល់ពេលមួយដែលខ្លួនបានឃើញការប្រកួតរបស់ក្រុម Man Utd នៅលើកញ្ចក់ទូរទស្សន៍ទើបបណ្តាលឱ្យរូបគេមានភាពស្ញប់ស្ញែង និងប្រាថ្នាចង់ក្លាយជាកីឡាករបាល់ទាត់អាជីពតែម្តង។

សមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះបានបញ្ជាក់ថា ដោយសារតែកត្តាជំរុញនេះហើយទើបរូបគេបានចូលហ្វឹកហាត់បាល់ទាត់នៅក្នុងវ័យ​១១ឆ្នាំហើយបានវិវត្តន៍ខ្លួនជាបន្តបន្ទាប់រហូតបានជាប់ជាសមាជិកក្រុមជម្រើសជាតិបារាំងអាយុក្រោម ១៦ឆ្នាំថែមទៀត មុននឹងសម្រេចមកប្រកបអាជីពនៅក្នុងប្រទេសកម្ពុជាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនកាលពីឆ្នាំ២០១៣។​ សម្រាប់បច្ចុប្បន្ននេះវិញ កេរ្តិ៍ឈ្មោះរបស់ ជារី ចន្ថាប៊ីន បានរសាត់ហួសឆ្ងាយពីកម្ពុជាទៅទៀត បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងលីគកំពូលនៃប្រទេសម៉ាឡេសុីជាមួយក្លឹប Terengganu FA ក្នុងរដូវកាលឆ្នាំ២០១៨ ថែមទាំងត្រូវបានក្រុមជើងឯករងពាន Malaysia Cup 2018 នេះសម្រេចចុះកិច្ចសន្យាបន្តមួយរដូវកាល ២០១៩បន្ថែមទៀត៕

អត្ថបទ៖ មករា

 

មតិយោបល់