Honda ថា កីឡាករជម្រើសជាតិកម្ពុជា ត្រូវប្រឈមឧបសគ្គគ្រប់បែបយ៉ាងដើម្បីប្រជាជនខ្លួន

នូ មករា December 4, 2018


ភ្នំពេញ៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារថ្មីមួយទៀតហើយ ដោយចង់បញ្ជាក់ពីអត្ថន័យ និងកាតព្វកិច្ចរបស់កីឡាករជម្រើសជាតិម្នាក់ៗ ដោយលោកសង្កត់ធ្ងន់ថា កីឡាករជម្រើសជាតិ ត្រូវប្រឈមឧបសគ្គជាច្រើន មិនអាចគេចវេសបានឡើយ ដើម្បីផ្ដល់ក្ដីសង្ឃឹមជូនប្រជាពលរដ្ឋកម្ពុជាជាង ១៦លាននាក់ ។

សមាជិកក្លឹប Melbourne Victory នៃលីគកំពូលអូស្ដ្រាលីរូបនេះ បានបង្ហាញការយកចិត្តទុកដាក់ជានិច្ច ទោះបីលោកមានភារកិច្ចផ្ទាល់ខ្លួន ស្ទើរមិនអាចដកឃ្លាបាន ក្នុងនាមជាកីឡាករលំដាប់អន្ដរជាតិក៏ដោយ ។ ជាក់ស្ដែងតាមរយៈសាររបស់លោកពេលនេះ លោកចង់ក្រើនរំឮកដល់កីឡាករកម្ពុជា និងជំរុញពួកគេ បន្ដការខិតខំបន្ថែមទៀត ដើម្បីសម្រេចលទ្ធផលល្អ ជូនប្រជាជនខ្លួន នាពេលអនាគត ។

អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ សរសេរថា៖ «ពួកគេ គឺជាកីឡាករជម្រើសជាតិ ដោយមានគ្នា ២៣នាក់ប៉ុណ្ណោះ ដែលបានជ្រើសរើសក្នុងចំណោមមនុស្សជាង ១៦លាននាក់ ។ ពួកគេ គឺជាក្ដីសង្ឃឹមរបស់ប្រជាជនកម្ពុជា ដូច្នេះពួកគេ ត្រូវប្រឈរមុខនឹងឧបសគ្គជាច្រើន ដោយមិនអាចគេចវេសបានឡើយ ។ ពួកគេកំពុងបង្កើតក្ដីសង្ឃឹមឲ្យប្រជាជនខ្លួន ។ ប៉ុន្ដែខ្ញុំដឹងថា ពួកគេអាចធ្វើបានច្រើនជាងនេះទៀត»

សូមរំឭកថា បន្ទាប់ពីលោក Honda ចូលមកដឹកនាំក្រុមគោព្រៃកម្ពុជា ដោយយកលោក Felix ជាគ្រូបង្វឹកផ្ទាល់ កម្ពុជាបានឆ្លងកាត់ការប្រកួតមិត្តភាព និងផ្លូវការចំនួន ៧ប្រកួត ក្នុងនោះឈ្នះ ១ប្រកួត គឺឈ្នះឡាវ ៣-១ ក្នុងពាន AFF Suzuki Cup 2018 និងស្មើទីម័រខាងកើត ២-២ ក្នុងជំនួបមិត្តភាព ក្រៅពីនេះ សុទ្ធតែបរាជ័យ ដូចជាពាន AFF Suzuki Cup 2018 ចាញ់ម៉ាឡេស៊ី ១-០, ចាញ់មីយ៉ាន់ម៉ា ៤-១ និងចាញ់វៀតណាម ៣-០ ខណៈប្រកួតមិត្តភាពចាញ់ម៉ាឡេស៊ី ៣-១ និងចាញ់សិង្ហបុរី ២-១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់