កីឡដ្ឋានរបស់អាស៊ីអឺរ៉ុបយូណាយធីត ក្រាលស្មៅរួចរាល់ តែស្ថិតក្នុងដំណាក់កាលថែទាំសិន

មាស សុផាណារ៉ុង December 4, 2018


ភ្នំពេញ៖ កីឡដ្ឋានរបស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ( AEU Sport Park ) បានបញ្ចប់ការក្រាលស្មៅរួចរាល់ហើយ បន្ទាប់ពីចំណាយពេលក្រាលជាង១សប្ដាហ៍រួចមក ក្រោយពីទទួលការលិចលង់ដោយទឹកជំនន់ជាង៣ខែ នៅក្នុងឃុំ​ស្វាយជ្រំ។

បើតាមសម្ដីរបស់ លោក សុក វាសនា គ្រូបង្វឹកនៃក្លឹបដែលមានមូលដ្ឋាននៅតំបន់អរិយក្សត្រមួយនេះ បានអោយដឹងថា មកទល់ពេលនេះស្មៅនៅលើទីលានស្ថិតតនៅក្រោមការថែទាំ និងផ្សាំអោយចូលគ្នាសិន ដោយត្រូវប្រើពេលចន្លោះ២ខែទៀត ទើបអាចហ្វឹកហាត់វិញបាន និងប្រើប្រាស់បាន។

ចាំបានថា កាល​ពី​ថ្ងៃ​១៥​ ខែ​សីហា ក្លឹបអាស៊ីអឺរ៉ុបយូណាយធីត ​​បាន​បញ្ជាក់​ថា ​កីឡដ្ឋាន A​EU Sport Park របស់ខ្លួន​ត្រូវ​បាន​ទឹក​ទន្លេ​មេគង្គ​ជន់​លិច​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៨ ធ្វើឲ្យខាតបង់ថវិកាខ្ទង់ម៉ឺនដុល្លារអាមេរិក ទាំងស្មៅនៅលើទីលាន និងសម្ភារៈជាច្រើនទៀតនៅក្នុងកីឡដ្ឋាន។ កីឡដ្ឋាននេះមាន​ទីតាំង​នៅឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ដោយ​ការ​សាងសង់​ដំបូង​កាលពីឆ្នាំ២០១៧ អស់ប្រមាណ​ជាង ៣០ម៉ឺន​ដុល្លារអាមេរិក៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ណារ៉ុង

មតិយោបល់