ឃួន ឡាបូរ៉ាវី តាំងចិត្តខ្ពស់ក្នុងការជួយបឹងកេត នារដូវកាលថ្មី

នូ មករា December 3, 2018


ភ្នំពេញ៖ បន្ទាប់ពីខកខានមិនបានជួយក្លឹបបឹងកេត ពាក់កណ្ដាលរដូវកាល ក្នុងឆ្នាំ២០១៨ ស្របពេលក្លឹបរបូតតំណែងជើងឯកផងនោះ ឃួន ឡាបូរ៉ាវី បានសម្ដែងការសោកស្ដាយជាខ្លាំង តែរូបគេបានអះអាងថា នឹងប្រឹងប្រែងនារដូវកាលថ្មី ដើម្បីក្លឹបស្វែងរកជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ មកវិញ ។ កីឡាករមានប្រភពពីខេត្តកំពង់ចាមរូបនេះថា ខ្លួនមានការសោកស្ដាយ ចំពោះការទៅលេងនៅថៃមួយរយៈពេលខ្លី ហើយត្រឡប់មកវិញ មិនអាចជួយក្លឹបបាន ។ តែយ៉ាងណាគេ ក៏បានខំប្រឹងហាត់ ដើម្បីត្រៀមរដូវកាលថ្មីវិញដែរ ។
 
ម្ចាស់អាវលេខ ៩រូបនេះ និយាយថា៖ «ខ្ញុំប្ដេជ្ញាចិត្តខ្ពស់ សម្រាប់រដូវកាលក្រោយ ខ្ញុំនឹងជួយបឹងកេតឲ្យបានច្រើន ព្រោះក្នុងរដូវកាលនេះ ខ្ញុំខកខានច្រើនមែនទែន ចឹងខ្ញុំនឹងប្រឹងប្រែងឲ្យបានខ្លាំងបំផុត ដើម្បីជួយក្លឹប» ។ ទន្ទឹមជាមួយគ្នា ឃួន ឡាបូរ៉ាវី ក៏បានបង្ហាញនូវភាពជឿជាក់ផងដែរ ក្រោមការដឹកនាំរបស់ប្រធានក្លឹបថ្មីលោកស្រី ពុធ ធីតា ស្របពេលក្លឹបបាននឹងកំពុងសាងសង់ទីលានផ្ទាល់ខ្លួន ដែលនឹងជំរុញមហិច្ឆតារបស់ខ្លួន បានសម្រេចដូចបំណងទៀតផង ។
ឡាបូរ៉ាវី បានបន្តថា៖ «រដូវកាលក្រោយ ស្របពេលក្លឹបយើងមានទីលានផ្ទាល់ខ្លួន ខ្ញុំជឿជាក់ថា ការមានអ្វីៗគ្រប់យ៉ាងបែបនេះ កីឡាករយើងនឹងមានសន្ទុះខ្លាំងជាងឆ្នាំ២០១៨ ហើយយើងនឹងខំប្រឹង ដើម្បីតបស្នងនឹងថ្នាក់ដឹកនាំថ្មីរបស់យើង» ។ គួរបញ្ជាក់ថា ឃួន ឡាបូរ៉ាវី បន្ទាប់ពីជួយក្លឹបបឹងកេតបាន ១ជើងក្នុងរដូវកាលឆ្នាំ២០១៨ គេត្រូវបានក្លឹបផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងទៅក្លឹបលីគទី៣ របស់ថៃ Surat Thani FC ។ តែមិនទាន់បានប៉ុន្មានផង ក្លឹបថៃនេះ ក៏បានប្រកាសចែកផ្លូវវិញ ធ្វើឲ្យម្ចាស់ស្បែកជើងមាសជាច្រើនសម័យកាលនេះ ខកខានជួយក្លឹប និងរបូតឱកាសជាប់ក្រុមជម្រើសជាតិកម្ពុជាទៀតផង ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់