ម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមខ្លាំងៗ នៃពាន AFF U22 ដើមឆ្នាំក្រោយ

នូ មករា December 3, 2018


ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ AFF U22 Championship 2019 គណៈកម្មការរៀបចំពានប្រចាំតំបន់នេះ បានធ្វើការបែងចែកពូលរួចហើយ ដោយម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមខ្លាំងៗ ៤ក្រុមផ្សេងទៀត រួមមានម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងសិង្ហបុរី ។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
 
ដោយឡែកពូលA គឺមានដល់ទៅ ៦ក្រុម រួមមានក្រុមជម្រើសជាតិថៃ វៀតណាម ទីម័រខាងកើត ឡាវ ប្រ៊ុយណេ និងហ្វីលីពីន ។ ចំពោះកម្មវិធីប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី១៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ខណៈប្រកួតបើកឆាកម្ចាស់ផ្ទះកម្ពុជា ត្រូវជួប U22 សិង្ហបុរីមុនគេ នាថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់មកទើបជួបម៉ាឡេស៊ី នាថ្ងៃទី២០-កុម្ភៈ, ជួបមីយ៉ាន់ម៉ា នាថ្ងៃទី២២-កុម្ភៈ, និងចុងក្រោយប៉ះ U22 ឥណ្ឌូនេស៊ី នាថ្ងៃទី២៦-កុម្ភៈ ។
គួរបញ្ជាក់ថា នេះគឺជាការរស់ឡើងវិញ នៃព្រឹត្តិការណ៍ប្រចាំតំបន់នេះ ក្រោយខកខានរៀបចំតាំងពីឆ្នាំ២០០៥ ហើយក្រោយឆ្លងកាត់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានសម្រេចឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFF U22 Championship 2019 តែម្ដង ។ មិនតែប៉ុណ្ណោះ គណៈកម្មការក៏បានសម្រេចផងដែរ សម្រាប់ក្រុមខ្លាំងជាងគេ ប្រចាំព្រឹត្តិការណ៍នេះចំនួន ៤ក្រុម នឹងទទួលបានកៅអីវគ្គជម្រុះពានរង្វាន់ AFC U23 នាឆ្នាំក្រោយទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់