ជេីងឯកយុវជនអាយុក្រោម១៧ឆ្នាំ ១៥ឆ្នាំ និងបាល់ទាត់នារី ២០១៨-១៩ ចាប់ផ្ដើមដើមខែក្រោយ

មាស សុផាណារ៉ុង November 30, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ជេីងឯកយុវជនអាយុក្រោម១៧ឆ្នាំ ១៥ឆ្នាំ និងបាល់ទាត់នារី ប្រចាំឆ្នាំ ២០១៨-១៩ នឹងចាប់ផ្ដើមសារជាថ្មីសម្រាប់រដូវកាលថ្មីនេះនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តព្រះវិហារ។

នេះជាឆ្នាំទី២ ដែលពានរង្វាន់ដដែលនេះ រៀបចំឡើងវិញដែលជាគោលដៅរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងទិសដៅដើម្បី​ត្រៀម​ខ្លួន​​សម្រាប់​ក្រុម​ជម្រើស​ជាតិ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ នៅពុំទាន់មានការបញ្ជាក់អំពីចំនួនក្រុមចូលរួមនៅឡើយ ប៉ុន្តែត្រូវបានដឹងថាតំណាងរាជធានី-ខេត្ត នឹងមានក្រុម១ចូលរួមជាដាច់ខាតដូចឆ្នាំកន្លងទៅ ដែលចេញពីថ្នាលនៃសាលាតម្រង់ទិសប្រចាំរាជធានី-ខេត្តរៀងៗខ្លួន។

គួររំលឹកដែរថា កាលពីរដូវកាល២០១៧-២០១៨ សម្រាប់ពានយុវជនអាយុក្រោម១៦ឆ្នាំ ចំណាត់ថ្នាក់លេខ១ សាលាបាល់ទាត់ជាតិបាទី លេខ២ ស្វាយរៀង និងលេខ៣ កោះកុង ស្របពេលដែល ពានយុវជនអាយុក្រោម១៤ឆ្នាំ ចំណាត់ថ្នាក់លេខ១ ព្រៃវែង ចំណាត់ថ្នាក់លេខ ២ កោះកុង ក្រុមចំណាត់ថ្នាក់លេខ ៣ កំពង់ស្ពឺ ដោយឡែកបាល់ទាត់នារី លេខ១បានទៅលើ ខេត្តបាត់ដំបង និងលេខ២បានទៅលើខេត្តកំពង់ស្ពឺ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា 

អត្ថបទ៖ ណារ៉ុង

មតិយោបល់