«ដំណើរការវិវឌ្ឍន៍របស់ក្រុម» ដែលគ្រូកម្ពុជាតែងនិយាយក្នុងសន្និសីទសារព័ត៌មានគឺជាអ្វី?

មាស សុផាណារ៉ុង November 30, 2018


ភ្នំពេញ៖ ជារឿយៗ លោក Felix Agustin Gonzalex Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា តែងតែលើកឡើងអំពីស្ថានភាពក្រុមជម្រើសជាតិនាពេលបច្ចុប្បន្នស្ទើរគ្រប់សន្និសីទសារព៌តមាន មុនការប្រកួត ក៏ដូចជាក្រោយចប់ការប្រកួត កំពុងស្ថិតនៅក្នុង «ដំណើរការវិវឌ្ឍន៍របស់ក្រុម»។ តើ «ដំណើរការវិវឌ្ឍន៍របស់ក្រុម» ដែលគ្រូកម្ពុជា Felix Dalmas និងអ្នកចាត់ការក្រុម Keisuke Honda តែងតែនិយាយក្នុងសន្និសីទសារពត៌មានគឺវិវឌ្ឍន៍ដូចម្តេចខ្លះ?

«នៅពេលដែលខ្ញុំនិយាយអំពីដំណើរការរបស់ក្រុមមានការវិវឌ្ឍន៍ គឺយើងមានគោលគំនិតច្បាស់លាស់មួយដែលស្របទៅនឹងបាល់ទាត់បច្ចុប្បន្ន បាល់ទាត់ដែលយើងចង់លេង ហើយខ្ញុំជឿជាក់គ្រប់ផ្នែកនៃការប្រកួត និងនៅក្នុងការប្រកួតដទៃទៀតដូចគ្នា ខ្ញុំពិតជាពេញចិត្តក្នុងឃើញនូវអ្វីដែលក្រុមព្យាយាមធ្វើ ពេលខ្លះលទ្ធផលមិនឆ្លុះបញ្ចាំងទៅលើទម្រង់លេងនោះទេ»។ សម្ដីទាំងស្រុងរបស់ លោក Felix Dalmas។ ចំនុចសំខាន់ដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ចង់បង្ហាញនោះគឺការអាចឈានទៅរកចំនុចដែលល្អរបស់ក្រុមសម្រាប់រយៈពេលយូរអង្វែង។

ដូចគ្នាផងដែរ ដូចដែល លោក Keisuke Honda ធ្លាប់បានលើកឡើងថាផងដែរ លោកមិនសប្បាយជាងអ្វី ក្រៅពីឃើញកូនក្រុមមានការអភិវឌ្ឍន៍ និងរីកចម្រើននោះទេ ទោះបីលទ្ធផលបញ្ចប់ដោយបែបណាក៏ដោយ ។

អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បាននិយាយថា៖ «ខ្ញុំអត់ពិបាកចិត្តជាមួយលទ្ធផលទេ យើងអាចឈ្នះការប្រកួតបាន គ្រាន់តែយើងរង់ចាំ ហើយខ្ញុំក៏អត់ចង់សប្បាយចិត្ត ដោយពឹងផ្អែកលើជ័យជម្នះដែរ អ្វីដែលខ្ញុំសប្បាយចិត្ត សំខាន់គឺក្រុមទាំងមូលមានការអភិវឌ្ឍន៍ និងរីកចម្រើន។ ខ្ញុំបានប្រាប់ពួកគាត់ថា នេះគឺជាជំហានចាប់ផ្ដើមរបស់ពួកយើង។ ពួកយើង គឺមានជំនាញច្រើនជាងសមត្ថភាព ហេតុនេះយើងត្រូវត្រៀមខ្លួនឲ្យបានកាន់តែល្អបន្ថែមទៀត»។ គួររំលឹកដែរថា មកទល់ពេលនេះក្រោមការដឹកនាំរបស់អ្នកចាត់ការ Keisuke Honda និងលោក Felix Dalmas កម្ពុជាបានឆ្លងកាត់ការប្រកួតចំនួន៧ប្រកួត ក្នុងនោះឈ្នះតែ១ប្រកួត ស្មើ១ប្រកួត និងចាញ់៥ប្រកួត រកគ្រាប់បាល់បាន៨គ្រាប់ របូតគ្រាប់បាល់១៦គ្រាប់ ទាំងក្នុងការប្រកួតមិត្តភាពអន្តរជាតិ និងពានរង្វាន់ផ្លូវការ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់