Leonardo កំពុងផ្តោតខ្លាំងលើការហ្វឹកហាត់កាយសម្បទាសម្រាប់យុវជនភ្នំពេញក្រោន

នូ មករា November 29, 2018


ភ្នំពេញ៖ ក្រោយពីបានមកដឹកនាំក្រុមឈុតធំភ្នំពេញក្រោនជិតបាន២ខែរួចមក លោក Leonardo Vitorino គ្រូធំក្រុមភ្នំពេញក្រោនបានបញ្ជាក់ថា ខ្លួនកំពុងតែយកចិត្តទុកដាក់ខ្លាំងលើកាយសម្បទារបស់កីឡាករ និងព្យាយាមកែប្រែទម្លាប់មិនល្អរបស់កីឡាករនៅលើទីលាន ។ ថ្លែងក្រោយបញ្ចប់ការហ្វឹកហាត់កាលពីល្ងាចម្សិលមិញបុរសជនជាតិប្រេសុីលរូបនេះបាននិយាយថា៖ « នៅពេលនេះយើងផ្តោតខ្លាំងលើកាយសម្បទារបស់កីឡាករដើម្បីឲ្យពួកគាត់មានភាពរឹងមាំ និងមួយទៀតលើបច្ចេកទេសនៃការប៉ះបាល់ហើយនៅខែក្រោយយើងនឹងផ្តោតលើបច្ចេកទេសថ្មីផ្សេងទៀត » ។

យ៉ាងណាក៏ដោយ លោក Leonardo បានសរសើរកូនក្រុមខ្លួនលើចំនុចមួយចំនួនយ៉ាងដូច្នេះថា៖​ « ពួកគេបានធ្វើល្អជាងមុននោះនៅចំនុចមួយចំនួនដូចជា បច្ចេកទេសនៃការលេងបាល់ និងមានភាពយល់ដឹងច្រើនពីគុណភាពនៃការប្រកួតនីមួយៗហើយជាពិសេសនោះគឺការគ្រប់គ្រងបាល់ឲ្យបានច្រើនដោយមិនត្រូវធ្វេសប្រហែសធ្វើឲ្យបាត់បង់បាល់ដោយងាយៗនោះទេ » ។

សូមបញ្ជាក់ដែរថា ក្នុងដំណាក់កាលនេះក្រុមភ្នំពេញក្រោនកំពុងតែប្រមូលផ្តុំហ្វឹកហាត់យ៉ាងសស្រាក់សស្រាំដើម្បីត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួតប្រជែងពាន Leo Pre Season Cup 2019 ដែលនឹងចាប់ផ្តើមនៅអំឡុងដើមឆ្នាំក្រោយនេះនៅលើទឹកដីថៃ ដែលមានការចូលរួមពីបណ្តាក្រុមខ្លាំងក្នុងលីគថៃក៏ដូចជាមកពីមីយ៉ាន់ម៉ា, ឡាវ និងវៀតណាមជាដើម៕

អត្ថបទ៖ មករា

មតិយោបល់