គ្រូណាហ្គាមានក្ដីបារម្ភ ២ សម្រាប់ការត្រៀមពាន AFC Cup 2019

នូ មករា November 29, 2018


ភ្នំពេញ៖ បន្ទាប់ពីចេញលទ្ធផលចាប់ឆ្នោតប្រកួតពានរង្វាន់ AFC Cup 2019 ដោយក្រុមណាហ្គាវើល ស្ថិតក្នុងវគ្គចែកពូល នៃពូលF ជាមួយក្រុមជើងខ្លាំងក្នុងតំបន់អាស៊ាន ៣ក្រុមទៀត លោក មាស ចាន់ណា គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជានេះ បានសម្ដែងក្ដីបារម្ភចំនួន ២ ដោយសារណាហ្គាវើល មិនទាន់រៀបចំខ្លួនរួចរាល់ ១០០% នៅឡើយ ។ ម្ចាស់ពានគ្រូបង្វឹកឆ្នើមប្រចាំលីគ ឆ្នាំ២០១៨ រូបនេះ បានឲ្យដឹងថា សម្រាប់បេក្ខភាពគូប្រជែងក្នុងពូល F លោកមានក្ដីបារម្ភចំពោះក្រុមជើងឯកលីគកំពូលវៀតណាម Hanoi FC ជាងគេ ដោយសារពួកគេ គឺជាក្រុមខ្លាំង និងជាក្រុមជោគជ័យមួយក្នុងតំបន់ ។
 
លោកបានថ្លែងថា៖ «និយាយទៅ ពូលF ក្រៅពីក្រុម Hanoi FC ព្រោះក្រុមផ្សេងៗ ចង់និយាយថា មានកម្រិតប្រហាក់ប្រហែលគ្នា ដូចជាក្រុម Tampines Rovers របស់សិង្ហបុរី និងក្រុមជើងឯកមីយ៉ាន់ម៉ា Yangon United ជាដើម» ។ លោក មាស ចាន់ណា បានបន្ដថា៖ «មួយវិញទៀត យើងកំពុងពន្លឿនការរៀបចំក្រុម ដោយសារយើងនៅខ្វះធនធានកីឡាករបរទេស ព្រោះឥលូវយើងសល់តែខ្សែការពារម្នាក់ប៉ុណ្ណោះ(Anderson Zogbe) ។ រីឯកីឡាករក្នុងស្រុក យើងអាចប្រើប្រាស់កីឡាករចាស់ៗ និងយុវជន ដែលយើងទើបនាំចូលបាន ដោយយើងកំពុងបង្កើនការហ្វឹកហាត់ដល់ពួកគេ ។ តែបើអាចយើងនឹងស្វែងរកកីឡាករបរទេសប្រហែល ៣នាក់ទៀត ដើម្បីពង្រឹងក្រុមឲ្យបានកាន់តែល្អប្រសើរ សម្រាប់ត្រៀមពានប្រចាំទ្វីបនេះ» ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គចែកពូល នៃពានលំដាប់ទី២ ប្រចាំទ្វីបអាស៊ីនេះ គឺគ្រោងចាប់ផ្ដើមនាខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ ដោយប្រើរូបមន្ដប្រកួតវិលជុំក្នុងដី និងក្រៅដី ស្របពេលប្រកួតបើកឆាកពូលF ក្រុមជើងឯកលីគកំពូលកម្ពុជា ណាហ្គាវើល ត្រូវជួបក្រុមម្ចាស់ផ្ទះ Hanoi FC នាថ្ងៃទី២៦ ខែកុម្ភៈខាងមុខ បន្ទាប់មកទើបត្រឡប់មកបើកទ្វារផ្ទះ ទទួលក្រុម Yangon United ឬក្រុម Zwekapin United របស់មីយ៉ាន់ម៉ាវិញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់