អាស៊ីអឺរ៉ុបយូណាយធីត ប្រកាសឈ្មោះកីឡាករជាប់ការធ្វើតេស្តដំណាក់កាលទី១

មាស សុផាណារ៉ុង November 28, 2018


ភ្នំពេញ៖ ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានធ្វើការប្រកាសអំពីបញ្ជីឈ្មោះបេក្ខភាពកីឡាករដែលបានធ្វើតេស្តជាប់កាលពីថ្ងៃទី២៥, ២៦ ខែវិច្ឆិកា នៅវិទ្យាល័យឥន្រ្ទទេវី កន្លងទៅថ្មីៗនេះ សម្រាប់ដំណាក់កាលទី១ ខណៈកីឡាករដែលជាប់ក្នុងការធ្វើតេស្តសរុបចំនួន២១នាក់ ដែលមានអាយុពីចន្លោះ១៦ឆ្នាំ ដល់២៦ឆ្នាំ។

បើតាមសម្ដីរបស់ លោក សុក វាសនា គ្រូបង្វឹកនៃក្លិបអាស៊ីអឺរ៉ុបយូណាយធីតក៏បានបន្ថែម បន្ទាប់ពីការជ្រើសរើសរួចកីឡាករដែលមានឈ្មោះនឹងត្រូវមកហ្វឹកហាត់ជាមួយក្លិបចាប់ពីសប្ដាហ៍ក្រោយទៅ ជាមួយនឹងកីឡាករចាស់ដែលមានស្រាប់ ប៉ុន្តែពុំទាន់ច្បាស់ថានឹងត្រូវចម្រាញយកប៉ុន្មាននាក់នៅឡើយ។

អតីតគ្រូជំនួយមកពិក្លិបព្រះខ័នរាជស្វាយរៀងរូបនេះបានបន្តថា សម្រាប់រដូវកាលថ្មីនេះនឹងធ្វើការជ្រើសរើសកីឡាករខ្មែរពី ២០ទៅ២២នាក់ ខណៈមកទល់ពេលនេះក្លិបចាប់ផ្ដើមធ្វើការងារនេះជាបណ្ដើរៗហើយ។

គួរដឹងដែរថា ក្លិបអាស៊ីអឺរ៉ុបយូណាយធីត ហាក់ធ្វើបានល្អកាលពីរដូវកាលមុនបន្ទាប់ពីបានបញ្ចប់ទៅនៅក្នុងលីគដោយទទួលបានចំណាត់ថ្នាក់លេខ៧ ក្រោយប្រកួត២២ដង ឈ្នះ៨ ស្មើ៦ និងចាញ់៨៕

 

រូបភាព៖ អាសុីអឺរ៉ុប យូណាយធីត – AEU

អត្ថបទ៖ ណារ៉ុង

មតិយោបល់