រ៉ឹង ប៊ុនហៀង ឈានដល់ការចរចាប្រាក់ខែជាមួយក្លឹបនៅឥណ្ឌា!

នូ មករា November 28, 2018


ភ្នំពេញ៖ បន្ទាប់ពីផ្ទុះការរិះគន់ភ្លូកទឹកភ្លូកដីទៅលើកីឡាករជម្រើសជាតិកម្ពុជា រ៉ឹង ប៊ុនហៀង កាលពីពេលថ្មីៗរួចមក ឥលូវនេះអនាគតរបស់ប្រធានក្រុមក្រសួងការពារជាតិរូបនេះកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅលេងក្រៅស្រុកលើកដំបូងហើយស្របពេលការចរចារវាងក្លឹបក្រសួងការពារជាតិនិងក្លឹបសមាជិកលីគទី២ របស់ឥណ្ឌា FC Imphal City បានឈានដល់ការចរចាប្រាក់ខែ ។ នេះបើតាមការទម្លាយរបស់គ្រូបង្វឹកលោក ភា សុភ័ក្ដ្រា កាលពីយប់មិញ ។
   
គ្រូបង្វឹកទើបជួយក្លឹបក្រសួងការពារជាតិ លើកពានសម្ដេចតេជោ ហ៊ុន សែន និងឈ្នះពានគ្រូបង្វឹកឆ្នើមរូបនេះ បានបញ្ជាក់លើគណនីហ្វេសប៊ុករបស់លោកថា ពេលនេះក្លឹប FC Imphal City ចង់បានប្រធានក្រុមរបស់ខ្លួនមែនទែនហើយ ដោយកំពុងចរចារឿងប្រាក់ខែទៀតផង ។ លោកសរសេរថា៖ «ចុមចង់លេងមែនទេ I am the owner of FC Imphal city India football club ចង់បានប្រធានក្រុមក្លឹបក្រសួងការពារជាតិ សំខាន់ពេលនេះ ម៉ោងជិត ១រំលងអាធ្រាត កំពុងឆាតចរចាប្រាក់ខែ» ។
 
យ៉ាងណាមិញលោក ភា សុភ័ក្ដ្រា មិនបានបញ្ជាក់លម្អិតពីលទ្ធផលចរចានោះទេ តែផ្អែកលើការបញ្ជាក់ថា ក្លឹបទាំងពីរ កំពុងចរចារឿងប្រាក់ខែ បានន័យថា ភាគរយខ្ពស់លក្ខខណ្ឌក្នុងការផ្ទេររវាងក្លឹប និងក្លឹប បានត្រូវរ៉ូវគ្នាហើយ នៅឡើយតែការតតាំងតម្លៃពលកម្មសម្រាប់ រ៉ឹង ប៊ុនហៀង ប៉ុណ្ណោះ ។ ហេតុនេះខ្សែប្រយុទ្ធក្រុមគោព្រៃកម្ពុជា ប៊ុនហៀង អាចនឹងមានសង្ឃឹមខ្ពស់ ក្នុងការចេញទៅប្រកបអាជីពក្រៅស្រុកលើកដំបូង ប្រសិនបើភាគីទាំងបី ព្រមថយម្នាក់មួយជំហានក្នុងការចរចាប្រាក់ខែនោះ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់