គ្រូទ័ព បកស្រាយរឿងម្ចាស់ស្រោមដៃមាស សំរិទ្ធ សីហា ដែលល្បីថាផ្ទេរពី ណាហ្គា ទៅការពារជាតិ

មាស សុផាណារ៉ុង November 27, 2018


ភ្នំពេញ៖ អ្នកគាំទ្រមួយចំនួនប្រហែលមិនទាន់ភ្លេចនោះទេពីជ័យលាភីនៃកម្មវិធី Cambodian Football Award កាលពីពេលថ្មីៗ ដោយពានអ្នកចាំទីល្អជាងគេ ឬស្រោមដៃមាសប្រចាំលីគកំពូលកម្ពុជាឆ្នាំ២០១៨ ត្រូវបានសម្រេចផ្ដល់ជូនអ្នកចាំទីក្លឹបណាហ្គាវើល សំរឹទ្ធ សីហា ។ ប៉ុន្ដែក្នុងពិធីប្រគល់ពានបែរជាសមាជិកខ្លួនមិនបានចូលរួមហើយជំនួសដោយអ្នកចាំទីដៃទី២ ទៅវិញ ។ បន្ទាប់មកទើបមានការភ្ញាក់ផ្អើល មូលហេតុអ្នកចាំទីវ័យ ២៨ឆ្នាំរូបនេះអវត្តមានក្នុងកម្មវិធីប្រគល់ពានស្រោមដៃមាសខាងលើដោយសារ សីហា ជាប់បេសកកម្មជួយក្លឹបក្រសួងការពារជាតិក្នុងការប្រកួតពានរង្វាន់ China-Asean City football tournament 2018 នៅចិន និងជួយក្រសួងការពារជាតិលើកពានអន្ដរជាតិនេះទៀតផង។

ដូច្នេះហើយទើបធ្វើឲ្យអ្នកគាំទ្រសង្ស័យថា អតីតអ្នកចាំទីជម្រើសជាតិកម្ពុជារូបនេះ ទំនេរផ្ទេរទៅក្រសួងការពារជាតិ នារដូវកាលក្រោយ ។ ពាក់ព័ន្ធនឹងមន្ទិលសង្ស័យរបស់អ្នកគាំទ្រនេះដែរ ត្រូវបានលោក ភា សុភ័ក្ដ្រា គ្រូបង្គោលក្លឹបក្រសួងការពារជាតិ បញ្ជាក់ថា មិនមានការផ្ទេរ ឬដោះដូអ្វីឡើយ ។ លោកនិយាយថា៖ «តាមពិតពេលនោះ ដោយសារអ្នកចាំទីយើង សុទ្ធតែរវល់ ជាក់ស្ដែង អ៊ុំ វិចិត្រ ជាប់ជួយជម្រើសជាតិ រីឯ អ៊ុំ សេរីរ័ត្ន គាត់របួស ចឹងយើងក៏ដាក់លិខិតខ្ចីអ្នកចាំទីក្លឹបណាហ្គាវើល គឺ សំរឹទ្ធ សីហា ចូលរួមជាមួយបេសកកម្មរបស់យើងនៅចិន ពោលគឺមានលិខិតផ្លូវការត្រឹមត្រូវពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា» ។

 

ដូច្នេះសបញ្ជាក់ថា ពុំមានការផ្លាស់ប្ដូរទ្រនំថ្មី សម្រាប់ម្ចាស់ស្រោមដៃមាស សំរឹទ្ធ សីហា នោះទេ គ្រាន់តែក្លឹបក្រសួងការពារជាតិ ខ្ចីមួយពេលប៉ុណ្ណោះ ។ តែយ៉ាងណា សីហា បានកសាងសមិទ្ធិផលជាច្រើនក្នុងរដូវកាលឆ្នាំ២០១៨ នេះ ដោយបានជួយក្លឹបណាហ្គាវើល លើកពានលីគកំពូលកម្ពុជា និងទទួលបានចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ហើយ ថែមទាំងជួយក្លឹបក្រសួងការពារជាតិ ផ្ដួលក្រុមជើងខ្លាំងវៀតណាម Than Quang Ninh ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ ដើម្បីលើកពាននៅចិន ១ទៀត៕
អត្ថបទ៖ បុត្រា

មតិយោបល់