ហ្វីលីពីន កំណត់វិញ្ញាសាបាល់ទាត់ប្រកួតស៊ីហ្គេម២០១៩ តាមសំណើរកម្ពុជា

នូ មករា November 27, 2018


ភ្នំពេញ៖ ទីបំផុតប្រភេទអាយុ នៃកីឡាបាល់ទាត់ ដែលត្រូវប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នាឆ្នាំ២០១៩ នៅហ្វីលីពីន ត្រូវបានកំណត់រួចហើយ ដោយម្ចាស់ផ្ទះហ្វីលីពីន ឯកភាពតាមសំណើររបស់កម្ពុជា ពោលគឺយកអាយុក្រោម ២២ឆ្នាំ(U22) មិនយកអាយុក្រោម ២៣ឆ្នាំ(U23) ដូចមុនឡើយ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ក្រោយបញ្ចប់កិច្ចប្រជុំ កំណត់ប្រភេទកីឡាចុងក្រោយ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០១៩ នៅទីក្រុងម៉ានីលឡា កាលពីចុងសប្ដាហ៍កន្លងទៅ លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ដោយទទួលបានសំណើរពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចង់ឲ្យម្ចាស់ផ្ទះរៀបចំវិញ្ញាសា U22 ក្នុងស៊ីហ្គេមឆ្នាំក្រោយ លោកបានយកសំណើរនេះ ទៅតស៊ូមតិរយៈពេល ២ថ្ងៃ នៅក្នុងកិច្ចប្រជុំខាងលើ រហូតទទួលបានជោគជ័យ បន្ទាប់ពីមានបណ្ដាប្រទេសជាច្រើនគាំទ្រ ។

លោកបានបន្ដថា៖ «ផ្ដើមចេញពីការស្នើសុំរបស់កម្ពុជា ចង់ឲ្យម្ចាស់ផ្ទះរៀបចំវិញ្ញាសាបាល់ទាត់ U22 ក្នុងស៊ីហ្គេម ឆ្នាំ២០១៩ មានបណ្ដាប្រទេសអាស៊ានស្ទើ ១០០% បានគាំទ្រសំណើររបស់យើង ។ ដូច្នេះហ្វីលីពីន ក៏មិនជំនាស់ដែរ ដោយគេបានឯកភាពតាមសំណើររបស់យើង ។ ប៉ុន្ដែយ៉ាងណា វិញ្ញាសាគ្រប់ប្រភេទកីឡាទាំងអស់ នៅមិនទាន់សម្រេចផ្លូវការនោះទេ ដោយម្ចាស់ផ្ទះសុំពេលប្រកាសផ្លូវការ នៅថ្ងៃទី០៧ ខែវិច្ឆិកាខាងមុខ តែភាគរយខ្ពស់ហ្វីលីពីន បានបញ្ជាក់ហើយ បាល់ទាត់ គឺសម្រេច U22 ដាក់ឲ្យប្រកួត» ។

គួរបញ្ជាក់ថា កិច្ចប្រជុំសម្រេចប្រភេទកីឡាចុងក្រោយ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០១៩ ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ គឺបានសសម្រេចប្រភេទកីឡាសរុប ៥៦ គ្រាដែលក្នុងនោះក្រៅពីវិញ្ញាសា នៃបាល់ទាត់ កម្ពុជាក៏បានសម្រេចបំណងស្នើបញ្ចូលកីឡាមានសក្ដានុពលរបស់ខ្លួនចំនួន ៦ប្រភេទផងដែរ រួមមានកីឡាវ៉ូវីណាម, ប៉េតង់, ជឺជិតស៊ូ, ស្នូកឃ័រ និងប៊ីយ៉ា, សូហ្វតេន្នីស និងកីឡាតេក្វាន់ដូជាដើម ដែលធ្វើឲ្យកម្ពុជាមានក្ដីរំពឹងខ្ពស់ក្នុងការបង្កើនខ្ទង់មេដាយមាសនាស៊ីហ្គេមឆ្នាំក្រោយដែលគ្រោងប្រកួតពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់