អ្នកចាត់ការក្រុមគោព្រៃកម្ពុជា រកបាន១គ្រាប់ជួយ Melbourne ឡើងឈរលេខ២ A-League

មាស សុផាណារ៉ុង November 26, 2018


អូស្ដ្រាលី៖ លោក Keisuke Honda អ្នកចាត់ការទូទៅថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានជួយក្លឹប Melbourne Victory ទទួលបាន ៣ពិន្ទុពេញ ក្នុងក្របខណ្ឌលីគកំពូលអូស្ដ្រាលី ( A-League ) សប្ដាហ៍ទី៥ ក្រោយរកបាន ១គ្រាប់ជួយឲ្យក្លឹបថ្មីរបស់ខ្លួន ឈ្នះក្រុមជើងខ្លាំង Sydney FC ដោយលទ្ធផល ២-១ ក្រៅដីកាលពីយប់មិញ។

នេះគឺជាជ័យជម្នះលើកទី៣ ក្នុងចំណោម ៥ប្រកួតរបស់ក្លឹប Melbourne Victory ហើយក៏ជាគ្រាប់បាល់ទី៣ របស់អតីតកីឡាករជម្រើសជាតិជប៉ុនលោក Honda ក្រោយផ្ទេរមកកាន់ក្លិបការពារតំណែងជើងឯក ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ ផងដែរ បន្ទាប់ពីលោកត្រឡប់ពីដឹកនាំក្រុមគោព្រៃកម្ពុជា យកឈ្នះក្រុមជម្រើសជាតិឡាវ ៣-១ ក្នុងជំនួបពានរង្វាន់ AFF Suzuki Cup 2018 កាលពីពេលថ្មីៗ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមជើងឯក ៤សម័យកាល Melbourne Victory កំពុងឈរលេខរៀងទី២ ដោយមាន ៩ពិន្ទុ ជាមួយលទ្ធផល ៥ប្រកួតឈ្នះ៣ និងចាញ់ ២ ហើយតាមពីក្រោយក្រុមកំពូលតារាង Perth Glory ៤ពិន្ទុ និងនាំមុខក្រុមកំពុងឈរលេខរៀងទី៣ និងលេខ៤ គឺក្រុម Sydney FC និងក្រុម Adelaide United ត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតស្មើៗគ្នា ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់