លោក Felix បញ្ជាក់មូលហេតុដាក់ CV11 ចុងម៉ោងក្នុងជំនួបបង្គ្រប់កិច្ច Suzuki Cup!

មាស សុផាណារ៉ុង November 26, 2018


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ហើយ ដោយឈរចំណាត់ថ្នាក់លេខ៤ ក្នុងពូល A ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ១ និងចាញ់ ៣ ស្របពេលប្រកួតបង្គ្រប់កិច្ចចុងក្រោយ ចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម ៣-០ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីក្រុងហាណូយ ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់ជំនួបបង្គ្រប់កិច្ចចុងក្រោយ គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា លោក Felix ហាក់ផ្ដល់ឱកាសដល់កីឡាករក្មេងៗច្រើន បើធៀបនឹងប្រកួតមុនៗ សូម្បីអ្នកសារព័ត៌មានវៀតណាម ក៏បានចោទសួរគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីននេះដែរ ពិសេសពួកគេបានចាប់អារម្មណ៍ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា តើហេតុអ្វីបានជាលោក Felix ដាក់កីឡាកររហស្សនាម CV11 រូបនេះលេងនៅចុងម៉ោងដូច្នេះ?

ពាក់ព័ន្ធនឹងការផ្ដល់ឱកាសដល់ខ្សែប្រយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា បង្ហាញសមត្ថភាពមិនដល់ ១០នាទីជាមួយក្រុមជម្រើសជាតិវៀតណាម ត្រូវបានលោក Felix បញ្ជាក់ទៅកាន់អ្នកសារព័ត៌មានវៀតណាមយ៉ាងខ្លីថា «ដោយសារយើងចង់ផ្ដល់ឱកាសដល់កីឡាករក្មេងៗ ទើបយើងសម្រេចដាក់ ចាន់ វឌ្ឍនាកា លេងចុងម៉ោងបែបនេះ» ។ បន្ថែមលើនេះ លោកក៏បានបង្ហាញនូវមោទកភាព ចំពោះការខិតខំ និងតស៊ូរហូតដល់ទីបញ្ចប់ប្រកបឆន្ទៈ និងការទទួលខុសត្រូវផងដែរ ។

គួរបញ្ជាក់ថា ឥលូវនេះ គេបានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ប្រចាំតំបន់ AFF Suzuki Cup 2018 ហើយ ដោយពូល A គឺមានក្រុមជម្រើសជាតិវៀតណាម និងម៉ាឡេស៊ី ខណៈពូល B មានក្រុមជម្រើសជាតិថៃ និងហ្វីលីពីន ហើយក្រុមទាំង ៤ នឹងត្រូវប្រកួតខ្វែងគ្នាក្នុងដី និងក្រៅដី នាថ្ងៃទី១-២ និងថ្ងៃទី៥-៦ ខែធ្នូខាងមុខ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់