សម្ដីគ្រូវៀតណាម និងកម្ពុជា គួរឱ្យចាប់អារម្មណ៍មុនប៉ះគ្នាល្ងាចនេះ

មាស សុផាណារ៉ុង November 24, 2018


វៀតណាម៖ លោក Park Hang-Seo គ្រូបង្គោលនៃក្រុមជម្រើសជាតិវៀតណាម បានប្តេជ្ញាចិត្តនាំក្រុមឱ្យឈរកំពូលតារាងក្នុងពូល A ជាមួយនឹងជ័យជម្នះ លើកម្ពុជា នៅថ្ងៃនេះ ក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Football Championship ( AFF Suzuki Cup 2018 ) ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ម្សិលមិញនៅទីក្រុងហាណូយ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបាននិយាយថា៖ «វៀតណាមមិនទាន់ទទួលបានកៅអីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឡើយទេ ដូច្នេះការប្រកួតទល់នឹងកម្ពុជា ពិតជាមានសារៈសំខាន់ណាស់។ យើងនឹងព្យាយាមលេងឱ្យបានល្អ និងគ្រប់គ្រងការប្រកួតទាំងស្រុង»។

លោក Park ដែលមិនពេញចិត្តនឹងទម្រង់លេងរបស់ក្រុមក្នុងការប្រកួតមុនទល់នឹងក្រុមដែលមានភាពទន់ខ្សោយ ( មីយ៉ាន់ម៉ា ) នោះបានបន្តថា៖ «កម្ពុជា ជាក្រុមដែលមានការប្រយុទ្ធបានយ៉ាងល្អពីតំបន់ខ្សែបម្រើទៅ។ កីឡាកររបស់ខ្ញុំនឹងលេងឱ្យបានល្អ ហើយធ្វើអោយពួកគេមានទីតាំងឈរនៅលើតែតំបន់កណ្តាលរបស់ពួកគេប៉ុណ្ណោះ»។ ដោយឡែកគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បានទទួលស្គាល់ថា ប្រវត្តិសាស្រ្តបានបង្ហាញថាប្រទេសកម្ពុជាស្ថិតនៅកម្រិតទាបជាងក្រុមម្ចាស់ផ្ទះ ប៉ុន្តែពួកគេមានការរំភើបក្នុងការប្រកួតជាមួយក្រុមដែលមានកម្រិតខ្លាំងជាង ក្រោយពីបានរៀនសូត្រពីការប្រកួតមុនៗ ទល់នឹងម៉ាឡេស៊ី និងមីយ៉ានម៉ា ជាដើម។

ឆ្លើយតបនឹងសំណួរ លោក Felix បានបដិសេធមិនបង្ហាញពីរបៀបដែលក្រុមគ្រោងនឹងរៀបចំលេង នៅលើទឹកដីវៀតណាមនោះទេ ប៉ុន្តែលោកបាននិយាយថាកីឡាករកំពុងរីកចម្រើនដូចដែរការប្រកួតកំពុងដំណើរការពេលនេះ ហើយសង្ឃឹមថានឹងមានលទ្ធផលល្អ។ បច្ចុប្បន្នវៀតណាម កំពុងឈរនៅចំណាត់ថ្នាក់លេខ២ នៅពីក្រោយមីយ៉ាន់ម៉ា ដោយខុសគ្នាត្រង់គ្រាប់បាល់ទាត់បញ្ចូលទីគូប្រកួត។ ពួកគេត្រូវការតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួតនេះដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយមិនបាច់គិតពីលទ្ធផលនៃការប្រកួតរវាងមីយ៉ាន់ម៉ា និងម៉ាឡេស៊ី ដែលលេងក្នុងពេលតំណាលគ្នា នៅទីក្រុងគូឡាឡាំពួ ទឹកដីរបស់ម៉ាឡេស៊ីនោះទេ។ សូមបញ្ជាក់ថា ការប្រកួតនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី២៤ ខែ វិច្ឆិកា នៅកីឡដ្ឋាន Hang Day Stadium ទីក្រុងហាណូយ ផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់