ម្ចាស់ជើងឯកលីគក្នុងអាស៊ានដល់ទៅ៣ស្ថិតនៅពូល ​F នៃពាន AFC Cup ជាមួយណាហ្គាវើល

មាស សុផាណារ៉ុង November 22, 2018


ម៉ាឡេស៊ី៖ ម្ចាស់ជើងឯកនៃលីគកំពូលកម្ពុជា ក្លិបណាហ្គាវើល នឹងត្រូវស្ថិតនៅពូល F ជាមួយក្រុមខ្លាំងដល់ទៅ៣ពីតំបន់អាស៊ានដូចគ្នា សម្រាប់ការប្រកួតក្នុងពានរង្វាន់កម្រិតទី២ប្រចាំទ្វីបអាស៊ី ​AFC Cup 2019 ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ។

​ការ​ចាប់​ឆ្នោត​ដែលបានធ្វើនៅ​ទី​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ មុន​នេះ​បន្តិច ​ណាហ្គាវើល​ស្ថិត​នៅ​ពូល​ F ជា​មួយ​ក្រុម​ Hanoi FC ( ម្ចាស់ជើងឯកលីគកំពូល​វៀតណាម ) Tampines Rovers ( ជើងឯករងលីគកំពូល​សិង្ហបុរី ) ​និង​ Yangon United ( ជើងឯកលីគកំពូលមីយ៉ាន់ម៉ា ) ឬ​ Zwekapin United ក្រុមលេខ៣នៅលីគមីយ៉ាន់ម៉ាដូចគ្នា។

​ការ​ប្រកួត​​​​នឹង​​ចាប់​ផ្ដើម​នា​ខែ​ ​កុម្ភៈ​ ដើម​ឆ្នាំ​ក្រោយតាមរូបមន្តវិលជុំសន្សំពិន្ទុ សរុបស្មើ៦ប្រកួត ( ក្នុងដី និងក្រៅដី ) ដើម្បីយកតែមួយក្រុមឡើងទៅវគ្គបន្ត ដោយគ្រោងនឹងបញ្ចប់ការប្រកួតទាំងមូលនៅដើមខែតុលា ឆ្នាំ២០១៩ ខណៈនេះជាឆ្នាំទី១ សម្រាប់ណាហ្គាវើល ក្នុងការប្រកួតនៅវគ្គបែងចែកពូល បន្ទាប់ពីបានក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨។

គួររំលឹកផងដែរថា​ ឆ្នាំ​ ២០១៨​​ ​នៃពានរង្វាន់ដដែលនេះ ក្លិប​ Al-Quwa Al-Jawiya ​របស់​​អ៊ីរ៉ាក់​ គឺជា​ម្ចាស់​ជើង​ឯកនិងជាឆ្នាំទី៣ជាប់ៗគ្នា ​​ក្រោយ​​ឈ្នះ​ក្លិប Altyn Asyr  របស់​ទួរមេនីស្ថាន​ ​​ក្នុង​លទ្ធផល​ ២-០​ ​នា​វគ្គ​ផ្ដាច់​ព្រ័ត្រ កាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ៕

 

រូបភាព៖ AFC Cup

អត្ថបទ៖ ណារ៉ុង

មតិយោបល់