កត្តាធំៗ៣ ត្រូវបានគ្រូជំនួយឡាវ បង្ហាញថាជាឧបសគ្គនាំឱ្យបរាជ័យក្រោមថ្វីជើងកម្ពុជា

មាស សុផាណារ៉ុង November 21, 2018


ភ្នំពេញ៖ កត្តាធំៗដល់ទៅ៣ ត្រូវបានគ្រូជំនួយឡាវ បង្ហាញថាជាឧបសគ្គនាំអោយបរាជ័យក្រោមថ្វីជើងកម្ពុជា ការលើកឡើងបែបនេះគឺក្រោយក្រុមបាល់ទាត់ជម្រើសជាតិឡាវ បានក្លាយជាក្រុមតែមួយគត់នៅក្នុងពូល A នៃពានរង្វាន់ AFF Suzuki Cup 2018 ដែលពុំមានសូម្បីតែ១ពិន្ទុនៅក្នុងដៃ បន្ទាប់ពីរងបរាជ័យជាលើកទី៤ ក្រោមថ្វីជើងម្ចាស់ផ្ទះកម្ពុជា ដែលស្ថិតនៅរួមពូលជាមួយគ្នា ៣ទល់១ កាលពីយប់មិញ។ ជំនួសឲ្យគ្រូបង្គោល ដែលត្រូវបានអាជ្ញាកណ្ដាលសម្រេចបណ្តេញមិនឲឈរដឹកនាំការប្រកួត ក្រោយការតវ៉ាជាមួយអាជ្ញាកណ្ដាលហួសដែនកំណត់ គ្រូជំនួយរបស់ឡាវ លោក ​Firdaus Kassim បានលើកឡើងនៅក្នុងសន្និសីទសារពត៌មានក្រោយចប់ការប្រកួតថា មានកត្តាធំៗដល់ទៅ៣ដែលនាំឲ្យឡាវរងបរាជ័យក្រោមថ្វីជើងកម្ពុជា ពោលគឺកត្តា នៃការសម្រាក លោកសង្កត់ធ្ងន់ក្រុមរបស់លោកត្រូវប្រកួត៤ប្រកួតជាប់ៗគ្នា ស្របពេលដែលកម្ពុជា មានពេលសម្រាកដើម្បីរៀបចំបានល្អជាង កត្តាទី២ គឺទៅលើទីលាន ក៏ជាឧបសគ្គសម្រាប់ក្រុមព្រោះទីលានជាស្មៅសិប្បន្និមិត្ត និងចុងក្រោយគឺបញ្ហាកីឡាករសំខាន់របស់លោកមួយចំនួនធំពុំមានវត្តមានក្នុងការប្រកួត។

បែបនេះក្ដីគ្រូជំនួយវ័យ៣១ឆ្នាំរូបនេះ ក៏បានថ្លែងសរសើរដល់ក្រុមម្ចាស់ផ្ទះកម្ពុជាផងដែរ ជាសម្ដីដើមថា៖ «យើងសុំសរសើរដល់កម្ពុជា ពួកគេរៀបចំបានល្អ គ្រប់គ្រងការប្រកួត និងព្យាយាមស្ទើរតែគ្រប់ពេល»។ សូមរំលឹកថា ប្រកួត៤ប្រកួតកន្លងមកនៅក្នុងពូល A ជម្រើសជាតិឡាវ ពុំដែលស្គាល់ពាក្យថាឈ្នះ ឬស្មើម្ដងណាឡើយ ពោលគឺ៤ប្រកួតចាញ់ទាំង៤ប្រកួត មាន០ពិន្ទុ រកគ្រាប់បាល់បាន៣គ្រាប់ និងរបូតគ្រាប់បាល់រហូតដល់១២គ្រាប់៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់