Honda ថា ខ្លួនសប្បាយចិត្ត មិនមែនទាល់តែក្រុមឈ្នះទេ សំខាន់គឺក្រុមរីកចម្រើន!

នូ មករា November 20, 2018


ភ្នំពេញ៖ បន្ទាប់ពីបានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្គាល់ជ័យជម្នះលើកដំបូង ដោយលត់ក្រុមជម្រើសជាតិឡាវ ៣-១ នាព្រលប់ថ្ងៃទី២០ ខែវិច្ឆិកានេះ លោក Keisuke Honda បានលើកឡើងថា លោកមិនសប្បាយជាងអ្វី ក្រៅពីឃើញកូនក្រុមមានការអភិវឌ្ឍន៍ និងរីកចម្រើននោះទេ ទោះបីលទ្ធផលបញ្ចប់ដោយបែបណាក៏ដោយ ។

អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បាននិយាយថា៖ «ខ្ញុំអត់ពិបាកចិត្តជាមួយលទ្ធផលទេ យើងអាចឈ្នះការប្រកួតបាន គ្រាន់តែយើងរង់ចាំ ហើយខ្ញុំក៏អត់ចង់សប្បាយចិត្ត ដោយពឹងផ្អែកលើជ័យជម្នះដែរ អ្វីដែលខ្ញុំសប្បាយចិត្ត សំខាន់គឺក្រុមទាំងមូលមានការអភិវឌ្ឍន៍ និងរីកចម្រើន ។ ខ្ញុំបានប្រាប់ពួកគាត់ថា នេះគឺជាជំហានចាប់ផ្ដើមរបស់ពួកយើង ។ ពួកយើង គឺមានជំនាញច្រើនជាងសមត្ថភាព ហេតុនេះយើងត្រូវត្រៀមខ្លួនឲ្យបានកាន់តែល្អបន្ថែមទៀត» ។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលក្រុមគោព្រៃកម្ពុជា ស្គាល់ជ័យជម្នះ ក្រោយលោក Honda មកដឹកនាំក្នុងនាមអ្នកចាត់ការទូទៅ ពោលគឺ ៦ប្រកួតឈ្នះ១ ស្មើ១ និងចាញ់ ៤ រួមមានប្រកួតមិត្តភាព ៣ប្រកួត៖ ចាញ់ម៉ាឡេស៊ី ៣-១, ចាញ់សិង្ហបុរី ២-១ និងស្មើទីម័រខាងកើត ២-២ ។ ប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ៣ប្រកួត៖ ចាញ់ម៉ាឡេស៊ី ១-០, ចាញ់មីយ៉ាន់ម៉ា ៤-១និងប្រកួតចុងក្រោយ ឈ្នះក្រុមជម្រើសជាតិឡាវ ៣-១ កាលពីព្រលប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕

អត្ថបទ៖ បុត្រា

មតិយោបល់