AFF Suzuki: ទោះឈ្នះឥណ្ឌូនេសុី ៤-២ តែគ្រូបង្វឹកក្រុមដំរីសឹកថៃនៅមិនទាន់ពេញចិត្តទម្រង់លេង!

នូ មករា November 18, 2018


ថៃ៖ គ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Milovan Rajevac បានបង្ហាញពីការមិនពេញចិត្តខ្លះៗចំពោះទម្រង់លេងរបស់កូនក្រុមកាលពីម្សិលមិញ បើទោះបីជាក្រុមដំរីសឹកនេះបានផ្តួលក្រុមភ្ញៀវឥណ្ឌូនេសុីក្នុងលទ្ធផល ៤-២ ដែលជាជ័យជម្នះទី២ របស់ពួកគេក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 នេះក៏ដោយ ។ យ៉ាងណក៏ដោយ គ្រូបង្វឹកជនជាតិស៊ែប៊ីនេះបានថ្លែងថា លោកសប្បាយចិត្តដែលកូនក្រុមអាចយកឈ្នះគូប្រកួត ប៉ុន្តែនៅមានបញ្ហាមួយចំនួនដែលត្រូវកែតម្រូវ ។

លោក Milovan Rajevac  បានបញ្ជាក់ថា៖ “យើងអាចលេងសុីសង្វាក់គ្នាបានល្អ តែខ្សែបម្រើបានជួបប្រទះបញ្ហាខ្លះៗក្នុងការគ្រប់គ្រងបាល់ ហេតុនេះហើយទើបខ្ញុំសម្រេចប្តូរភ្លាមៗដើម្បីផ្លាស់ប្តូរស្ថានភាពបែបនេះ! ដូចនេះហើយទើបនៅក្នុងវគ្គទី២ អ្វីៗបានប្រែប្រួលហើយក្រុមទាំងមូលលេងបានល្អជាងមុន។” លោកបានបន្ថែមថា៖ “នេះជាការប្រកួតមួយដ៏លំបាក ដោយសារតែឥណ្ឌូនេសុីបានចាប់ផ្តើមដោយភាពស្វាហាប់និងខ្លាំងក្លាហើយនាំមុខមុនទៀត ប៉ុន្តែយើងបានវាយបកវិញបានល្អទើបអាចយកឈ្នះពួកគេបាន មួួយវិញទៀតយើងបានបាត់បង់ឱកាសជាច្រើនដូចជាបាល់ជ្រុងជាដើម ចំណែកក្រុមភ្ញៀវបានដាក់សម្ពាធខ្លាំងលើខ្សែការពាររបស់យើងនាំឱ្យពួកគេបង្កជាកំហុសម្តងម្កាលថែមទៀត ដូច្នេះខ្ញុំយល់ថា ក្រុមរបស់យើងត្រូវការកែលម្អឡើងវិញពិសេសគឺត្រូវរៀបប្រព័ន្ធការពារឱ្យបានល្អជាងនេះនិងដោយការប្រយ័ត្នប្រយែងខ្ពស់។”

សូមបញ្ជាក់ថា លោក Milovan Rajevac គឺជាគ្រូបង្វឹកតែម្នាក់គត់ក្នុងចំណោមអ្នកដឹកនាំក្រុមទាំង ១០នៅ AFF Suzuki Cup ឆ្នាំនេះដែលមានបទពិសោធន៍ធ្លាប់ដឹកនាំក្រុមជម្រើសជាតិនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ដោយកាលឆ្នាំ២០១០កន្លងមក បុរសជនជាតិសែប៊ីរូបនេះបានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីរូបលោកជួយឱ្យក្រុមជម្រើសជាតិហ្គាណាបានទទួលលទ្ធផលល្អនិងបានឡើងដល់វគ្គ ៨ក្រុមចុងក្រោយក្នុងការប្រកួតបាល់ទាត់ដ៏ធំបំផុតក្នុងលោកនេះថែមទៀតផង ៕

អត្ថបទ៖ មករា

 

 

មតិយោបល់