នួន បូរី ឈ្នះពានឯកត្តជន ៤ ម្នាក់ឯង នៃពានរង្វាន់ C-Football Award 2018

នូ មករា November 17, 2018


ភ្នំពេញ៖ ខ្សែប្រយុទ្ធក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នួន បូរី បានបង្កើតកំណត់ត្រាដ៏អស្ចារ្យក្នុងអាជីពរបស់ខ្លួន ក្រោយទទួលបានពានឯកត្តជនលើកដំបូងចំនួន ៤ ផ្សេងៗគ្នា ក្នុងកម្មវិធី Cambodian Football Award ដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) នៅមជ្ឈមណ្ឌល The Premier Center Sen Sok កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។
សម្រាប់ពានរង្វាន់ឯកត្តជន នួន បូរី ទទួលបានរួមមានពានរង្វាន់កីឡាករល្អជាងគេ និងកីឡាករទាត់បញ្ចូលទីច្រើនជាងគេចំនួន ៧គ្រាប់ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ។ រីឯពាន ២ទៀត គឺជាពានរៀបចំដោយ CNCC ដែលសម្រេចដោយគណៈកម្មការជំនាញ ដោយផ្អែកលើការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រួមមានពានកីឡាករក្នុងស្រុកទាត់បញ្ចូលទីច្រើនជាងគេ អាយុក្រោម ២៣ឆ្នាំ និងពានកីឡាករក្នុងស្រុកទាត់បាល់បញ្ចូលទីច្រើនជាងគេ ។
 
ដោយឡែកពានរង្វាន់ផ្សេងៗទៀត សម្រាប់ការប្រកួតពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ចំពោះក្រុមជ័យលាភី ជើងឯកគឺក្រុមក្រសួងការពារជាតិ, ជើងឯករងក្រុមប៉ូលិស, លេខ៣ ស្ទួនរួមមានក្រុមអង្គរថាយហ្គឺរ និងក្រុមណាហ្គាវើល, គ្រូបង្វឹកល្អ បានទៅគ្រូបង្វឹករបស់ក្រុមជើងឯកក្រសួងការពារជាតិ ភា សុភ័ក្ដ្រា, ពានអ្នកចាំទីល្អជាងគេ បានទៅកីឡាករ អ៊ុំ សេរីរ័ត្ន របស់ក្រសួងការពារជាតិ, ក្រុមលេងល្អជាងគេ Fair-Play បានទៅក្រុមប៉ូលិស, និងពានក្រុមអាជ្ញាកណ្ដាលល្អជាងគេ រួមមានលោក ស្រី សុវណ្ណារ៉េត, លោក យួន វិរៈ, លោក គឹម ស៊ីពិសាល និងលោក ហាន សោភ័ណ្ណ ។ សម្រាប់ពានរង្វាន់ នៃលីគកំពូលកម្ពុជា ក្រុមជ័យលាភីជើងឯក គឺក្រុមណាហ្គាវើល, ជើងឯករងក្រុមបឹងកេត និងលេខ៣ ក្រុមវិសាខា ។
 
ឯពានផ្សេងៗ រួមមានពានគ្រូបង្វឹកល្អជាងគេ បានទៅលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល, កីឡាករល្អ បានទៅ Choe Myong Ho មកពីវិសាខា, អ្នកទាត់ចូលទីច្រើនជាងគេ កីឡាករ Bisan George មកពីណាហ្គាវើលរកបាន ២៨គ្រាប់, អ្នកចាំទីល្អ បានទៅកីឡាករណាហ្គាវើល សំរិទ្ធ សីហា, ក្រុម Fair-Play បានទៅក្រុមណាហ្គាវើល ខណៈក្រុមអាជ្ញាកណ្ដាលល្អមានលោក លឹម ប៊ុនធឿន, ជួប វិសាល, ស៊ុន ចាន់ភារិទ្ធ និងលោក ហេង សុខលី ។
 
ចំណែកពានរង្វាន់រៀបចំដោយ CNCC រួមមានអ្នកគាំទ្របាល់ទាត់សកម្ម បានទៅព្រឹទ្ធារ្យ អ៊ំ សួន, ក្លឹបមានអ្នកគាំទ្រចូលរួមទស្សនាច្រើនជាងគេ បានទៅក្លិបអង្គរថាយហ្គឺរ, កីឡាករក្នុងស្រុកល្អជាងគេ និងកីឡាការមានប្រជាប្រិយភាពជាងគេ បានទៅកីឡាករ គួច សុកុម្ភៈ, គ្រូបង្វឹកមានប្រជាប្រិយភាពជាងគេ បានទៅលោក ហៅ សុជាតិ, កីឡាករមានរាងសង្ហាជាងគេ បានទៅខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា, អ្នកគាំទ្រមានប្រជាប្រិយភាពជាងគេ បានទៅឈ្មោះ ប៊ុត ផលត្រាវិទ្យា និងអ្នកថតរូបសារព័ត៌មានមានប្រជាប្រិយភាពជាងគេ បានទៅលោក សួន សាយ័ន្ដសន្យា ពោលគឺការពារពាននេះបាន ២ឆ្នាំជាប់គ្នាតែម្ដង ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់