ដឹកនាំក្រុមគោព្រៃមែន តែ Honda ក៏មិនភ្លេចហាត់ខ្លួនឯងដែរ!

នូ មករា November 16, 2018


ភ្នំពេញ៖ ពិតជាគួរឲ្យស្ងើចសរសើរ ចំពោះកាយវិកាយ និងការលះបង់របស់កីឡាករលំដាប់អន្ដរជាតិលោក Keisuke Honda ដែលបានធ្វើដំណើរមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ដោយមិនយកប្រាក់ខែ ស្របពេលលោកកំពុងមមាញឹកក្នុងការជួយក្លឹបអាជីពរបស់ខ្លួន នៃលីគកំពូលអូស្ដ្រាលី គឺក្លឹប Melbourne Victory FC ។ នៅព្រឹកថ្ងៃសុក្រនេះ បុរសវ័យ ៣២ឆ្នាំខាងលើ បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយភ្ជាប់នូវពាក្យ ២ម៉ាត់ គឺ “Phnom Penh” ជាមួយនឹងរូបថត ២សន្លឹក ដែលបង្ហាញពីសកម្មភាពហ្វឹកហាត់ផ្ទាល់ខ្លួន ខណៈលោកកំពុងបំពេញតួនាទីជាអ្នកចាត់ការទូទៅ ដើម្បីដឹកនាំក្រុមរហស្សនាមគោព្រៃកម្ពុជា ត្រៀមប្រកួតបន្ទាប់ក្នុងពានរង្វាន់ AFF Suzuki Cup 2018 ពូលA ។
 
តាមរយៈរូបភាពនេះ សរបញ្ជាក់ឲ្យឃើញថា លោក Honda ពិតជាមានការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងនាមជាកីឡាករផង និងជាថ្នាក់ដឹកនាំផង ដោយខ្លួនត្រូវឆ្លៀតពេលហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាព សម្រាប់ត្រៀមជួបក្លឹប Melbourne Victory FC ដែលត្រូវប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៥ នៃលីគកំពូលអូស្ដ្រាលី ជាមួយក្រុមខ្លាំង SYDNEY FC នាថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ ស្របពេលការងារចំពោះមុខ លោកត្រូវដឹកនាំក្រុមគោព្រៃកម្ពុជា ជួបក្រុមជម្រើសជាតិឡាវ នាថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ នៃពានប្រចាំតំបន់ខាងលើ ។
គួរបញ្ជាក់ថា បច្ចុប្បន្នក្លឹប Melbourne Victory FC កំពុងឈរលំដាប់ថ្នាក់ទី២ នៃតារាងពិន្ទុលីគកំពូលអូស្ដ្រាលី ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ២ និងចាញ់ ២ មាន ៦ពិន្ទុ ក្នុងនោះ Honda បានចូលរួមទាំង ៤ប្រកួតរកបាន ២គ្រាប់ និងបញ្ជូនបាល់ទាត់ឲ្យមិត្ដរួមក្រុម ៣លើក ។ ក្រឡេកមកមើលសមិទ្ធិផលក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់លោកវិញ ពេលនេះកម្ពុជា កំពុងឈរបាតតារាងជាមួយឡាវ ដោយគ្មានពិន្ទុរាប់ឡើយ ក្រោយឆ្លងកាត់ ២ប្រកួតចាញ់ទាំង ២ប្រកួត នៃពានរង្វាន់ AFF Suzuki Cup 2018 ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់