AFF Suzuki: កីឡាករថៃ Adisak Kraisorn ញីាុញីដោយរបួសជាង ២ឆ្នាំ ប៉ុន្តែលេចធ្លោខ្លាំងក្រោយរកបាន ៦គ្រាប់យប់មិញ!

នូ មករា November 10, 2018


ថៃ៖ ក្រុមការពារជើងឯកថៃបានបង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 នេះ​ បន្ទាប់ពីបានផ្តួលក្រុមជម្រើសជាតិទីម័រខាងកើតក្នុងលទ្ធផល ៧-០ កាលពីម្សិលមិញរួចមក ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ខ្សែប្រយុទ្ធ Adisak Kraisorn ដែលទាត់បញ្ចូលទីបាន ៦គ្រាប់តែម្នាក់ឯងនោះបានក្លាយជាតួអង្គគួរឱ្យចាប់អារម្មណ៍ទាំងក្នុងចំណោមអ្នកគាំទ្រថៃ ក៏ដូចជាបណ្តាអ្នកគាំទ្រនៃប្រទេសផ្សេងៗទៀតផងដែរ ។

កីឡាករវ័យ ២៧ឆ្នាំរូបនេះបានថ្លែងដោយរីករាយថា៖ “ខ្ញុំបានជួបស្ថានភាពមួយដ៏លំបាកកាលពី ៨ខែមុន ពេលនោះខ្ញុំបានបាត់បង់ឆន្ទៈក្នុងការប្រកួតហើយស្ទើរតែបោះបង់អាជីពតែម្តង ប៉ុន្តែដោយសារតែមានការលើកទឹកចិត្ត និងគាំទ្រពីមនុស្សជាច្រើនរួមទាំងមិត្តរួមក្រុម និងអ្នកគាំទ្រផងនោះបានផ្តល់កម្លាំងចិត្តឱ្យខ្ញុំពុះពារបន្តទៀត” ។​ ខ្សែប្រយុទ្ធមានកំណើតនៅខេត្ត Buriram នេះបានបន្ថែមថា៖ “ខ្ញុំមិនសូវបានលេងនៅក្នុងលីគច្រើនទេក្នុងរយៈពេលជាង ២ឆ្នាំនេះ ប៉ុន្តែគ្រូបង្វឹកបានផ្តល់ឱកាសដល់ខ្ញុំ ដូចនេះខ្ញុំត្រូវតែព្យាយាមធ្វើឱ្យបានល្អ! ជាពិសេសផ្តោតលើការប្រកួតនីមួយៗជាចម្បងទោះបីជាគោលដៅរបស់យើងគឺតំណែងជើងឯកក៏ដោយ!” ។

ជាមួយគ្នានេះ លោក គ្រូបង្វឹកក្រុមដំរីសឹកថៃបានថ្លែងថា៖ “លទ្ធផលនេះបានបង្ហាញឱ្យឃើញថា យើងបានបង្ហាញទម្រង់លេងមួយដ៏ល្អប៉ុន្តែយើងមិនបានធ្វេសប្រហែសចំពោះក្រុមទីម័រនោះទេ ។ ខ្ញុំពិតជារីករាយដែល Adisak Kraisorn អាចទាត់បញ្ចូលទីបានរហូតដល់ ៦គ្រាប់បែបនេះ ពោលគឺក្រុមទាំងមូលបានធ្វើការរួមគ្នាបានល្អ យល់ពីយុទ្ធសាស្ត្រ និងប្រើប្រាស់ដោយមានប្រសិទ្ធភាពដើម្បីសម្រេចគោលដៅរបស់យើងព្រោះយើងបានឆ្លងកាត់ការប្រមូលផ្តុំ និងហ្វឹកហាត់ស្វិតស្វាញ ហើយខ្ញុំសង្ឃឹមថា កូនក្រុមទាំងអស់គ្នានឹងខិតខំបន្តទៀតសម្រាប់ការប្រកួតក្រោយៗ” ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិថៃនឹងបន្តប៉ះក្រុមឥណ្ឌូនេសុីនាថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនៅកីឡដ្ឋាន Rajamangala Stadium បន្ទាប់ពីបានដណ្តើមយក ៣ពិន្ទុពីក្រុមទីម័ររួចមក ៕

អត្ថបទ៖ មករា

មតិយោបល់