សៀង ចន្ធា សោកស្ដាយរបូតកៅអី Suzuki Cup តែទទួលស្គាល់ខ្លួននៅខ្វះខាត!

នូ មករា November 9, 2018


ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានបង្ហាញអារម្មណ៍សោកស្ដាយ ក្រោយរបូតកៅអីក្រុមជម្រើសជាតិកម្ពុជា មិនអាចចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ជាមួយក្រុមធំលើកដំបូងបាន តែគេមិនបានតូចចិត្តនឹងរឿងនេះឡើយ ដោយសារ ចន្ធា បានទទួលស្គាល់ខ្លួននៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវដុសខាត់បន្ថែម ។ កីឡាករសាលាបាល់ទាត់ជាតិបាទីរូបនេះ បាននិយាយថា៖ «ដំបូងខ្ញុំមានសោកស្ដាយដែរ តែក៏ដឹងខ្លួនឯងនៅស្ទើរ ខ្ញុំនៅខ្វះខាតមួយចំនួន ដែលត្រូវខិតខំបន្ថែម ។ ចឹងខ្ញុំក៏សប្បាយចិត្តដែរ ដែលបានជាប់ក្នុងក្រុមជម្រើសជាតិ ក្រុមធំ ទោះបីរយៈពេលខ្លីក្ដី ព្រោះខ្ញុំមកទីនេះ ខ្ញុំបានយល់ដឹងពីសមត្ថភាពរបស់រាមច្បង ក្រុមជម្រើសជាតិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្ញុំទៅថ្ងៃអនាគត» ។
 
បន្ថែមលើនេះ កីឡាករវ័យ ១៧ឆ្នាំដដែល ក៏បានសម្ដែងការភ្ញាក់ផ្អើល ចំពោះការកោះហៅលើកដំបូង ពីគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix ផងដែរ ។ ចន្ធា ថា៖«សម្រាប់ខ្ញុំពេលឃើញឈ្មោះជាប់ក្រុមធំដំបូង ខ្ញុំភ្ញាក់ផ្អើល ព្រោះខ្ញុំមិននឹកស្មានខ្លួនឯង បានជាប់ជម្រើសជាតិ ចឹងខ្ញុំពិតជាសប្បាយចិត្ត ចំពោះការផ្ដល់ឱកាសដ៏ល្អនេះ ហើយខ្ញុំនឹងយកបទពិសោធន៍ទាំងនេះ ទៅអភិវឌ្ឍន៍ខ្លួនឯង ឲ្យកាន់តែល្អប្រសើរថែមទៀត» ។
គួរបញ្ជាក់ថា សៀង ចន្ធា គឺជាកីឡាករមានសមត្ថភាព និងទេពកោសល្យល្អម្នាក់ រហូតទទួលបានការកោតសរសើរពីគ្រូបង្វឹក និងអ្នកគាំទ្រជាច្រើន ។ តែដោយសារគេមិនទាន់បញ្ចប់ការសិក្សាថ្នាក់ទី១២ ស្របពេលសហព័ន្ធចង់បណ្ដុះបណ្ដាលគេបន្ថែម ចន្ធា នៅបន្ដស្ថិតក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទីនៅឡើយ ទោះបីមានក្លឹបមួយចំនួន តាមចែចូវគេក៏ដោយ ។ ប៉ុន្ដែបើនិយាយពីកៅអីក្រុមជម្រើសជាតិ ជារឿយៗ រូបគេតែងតែជាប់ជម្រើសជាតិយុវជន ហើយនេះគឺជាលើកដំបូងហើយ ដែលលោក Felix ផ្ដល់កោះហៅគេចូលហាត់ក្រុមធំ ៕
អត្ថបទ៖ បុត្រា

មតិយោបល់