រុឹង ប៊ុនហៀង ឆ្លើយតបយ៉ាងខ្លី ក្រោយផ្ទុះការរិះគន់កក្រើកហ្វេសប៊ុកយប់មិញ

នូ មករា November 9, 2018


ភ្នំពេញ៖ ភ្លាមៗ ក្រោយក្រុមជម្រើសជាតិកម្ពុជា បរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវម៉ាឡេស៊ី ១-០ ក្នុងជំនួបបើកឆាកពាន AFF Suzuki Cup 2018 យប់មិញ គេឃើញអ្នកគាំទ្រជាច្រើន បានសម្រុករិះគន់ខ្សែប្រយុទ្ធក្រុមគោព្រៃកម្ពុជា គឺកីឡាករ រ៉ឹង ប៊ុនហៀង រហូតមានការអន្ដរាគមន៍ និងឆ្លើយបកស្រាយពីថ្នាក់ដឹកនាំក្លឹបក្រសួងការពារជាតិរបស់កីឡាករជម្រើសជាតិរូបនេះទៀតផង ។ ប៉ុន្ដែទោះបីមានការរិះគន់កក្រើកបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងណា ក៏សាមីខ្លួន រ៉ឹង ប៊ុនហៀង គ្រាន់គេឆ្លើយតបយ៉ាងខ្លីលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយសរសេរថា៖ «មានមេនៅគាំទ្រអត់អីទេ ទៅមុខទៀត» ។
     
ការតបយ៉ាងខ្លីបែបនេះ គឺបន្ទាប់ពីលោក ខូវ ឆាយ បានឆ្លើយតបទៅនឹងអ្នករិះគន់លើ ប៊ុនហៀង ថា៖ «កុំទៅខ្វល់ពីអ្នកគាំទ្រតែស្ករអី Ronaldoក៏មានថ្ងៃលេងមិនល្អគេជេរដែរ។ ពួករិះគន់អស់នោះល្ងង់ណាស់មិនយល់ពីបាល់ទាត់ទេ យើងកុំខឹងគាត់ គួរអាណិតគាត់វិញ ហេតុអីក៏ល្ងង់អីយ៉ាងនេះ។» 
ក្រឡេកមកចាប់អារម្មណ៍លើការរិះគន់វិញ អ្នកគាំទ្រហាក់ចាប់អារម្មណ៍ខ្លាំង ចំពោះមតិរបស់តារាចម្រៀងលោក មួន ម៉ារ៉ា ដែលសរសេរបង្ហោះថា៖ «សុំទោសដែលខ្ញុំតែងតែក្រេវក្រោធនិងស្រែកលឺៗពេលមើលបាល់ទាត់ជម្រើសជាតិម្តងៗ ព្រោះមិនចង់ដាច់សរសៃឈាម! កុំប្រកាន់អីសុំនិយាយត្រង់ ប្អូនលេខ១៤ឈ្មោះ ប៊ុន ហៀង បើប្អូនទំនេរមកលេងបាយបានជាមួយក្រុមវ័យចាស់បងវិញសប្បាយជាងនិងមានឱកាសរកគ្រាប់បានច្រើន ព្រោះពួកបងក៏ទាត់បាល់ខុស និងទប់ខូចៗដូចប្អូនដែរ ហើយរត់ឆ្លេឆ្លាប្រហែលគ្នា។ គាំទ្រជានិច្ចបាល់ជម្រើសជាតិយើងដែលទទួលបាននូវបទពិសោធន៍ថ្មីបន្ថែមរហូត»។
 
ទន្ទឹមជាមួយគ្នាលោក ខូវ ឆាយ ក៏បានតបជំនួស ប៊ុនហៀង ដែរថា៖ «បងក៏ជាអ្នកលេងបាល់ដែរ បងគួរតែយល់ពីបាល់ទាត់។ ខ្ញុំសូមសួរបង ២សំនួរ ១-តើបងខ្លួនឯង និង Ronaldo រឺMessiលេងបាល់រាល់ប្រកួតមានថ្ងៃលេងមិនល្អទេ? ២-តើបងធ្លាប់មើលប៊ុនហៀងលេងលីគទេ? គាត់មិនមែនលេងអន់ហើយគេអោយជាប់ជំរើសជាតិទេ។ បងរិះគន់គឺមិនមានកំហុសទេ តែពាក្យរិះគន់ដែលមានលក្ខណៈតិះដៀលអាចបំបាក់ទឹកចិត្តកីឡាករដែលមានភារកិច្ច3ប្រកួតទៀត។ បើខ្ញុំជាប៊ុនហៀង ខ្ញុំប្រហែលសុំមកផ្ទះវិញហើយ ជាប់ជំរើសដូចមិនបានលុយអីផង ហាត់ ១ដង ១៥$មិនស្មើលោកបងអោយធីបស្រីផង ហើយគេជេរទៀត លេងឲ្យជំរើសជាតិតែបើកប្រាក់ខែក្លឹបទេលោកបង» ។ យ៉ាងណាមិញបេសកកម្មរបស់ក្រុមគោព្រៃកម្ពុជា មិនទាន់បញ្ចប់នោះទេ ដោយនៅសល់ ៣ប្រកួតក្នុងពូលA គ្រាដែលប្រកួតបន្ទាប់ គឺក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅទឹកដីមីយ៉ាន់ម៉ា នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកាខាងមុខ ៕
ត្ថបទ៖ បុត្រា

 

មតិយោបល់