គ្រូកម្ពុជាថា ម៉ាឡេសុីជាក្រុមមួយអស្ចារ្យ និងរៀនសូត្របានច្រើនពីការប្រកួតថ្ងៃនេះ!

នូ មករា November 8, 2018


ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតដោយរងបរាជ័យ ១-០ ក្នុងជំនួបជាមួយក្រុមជម្រើសជាតិម៉ាឡេសុីក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 រួចមក លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានថ្លែងថា នេះមិនមែនជាលទ្ធផលដែលក្រុមចង់បាននោះទេ តែលោកសប្បាយចិត្តព្រោះឃើញថា កូនក្រុមរបស់លោកលេងបានល្អប្រសើរ ហើយលោកបានលើកឡើងថា ក្រុមទាំងមូលនឹងព្យាយាមបន្ដទៀតដើម្បីស្វែងរកលទ្ធផលល្អជាងនេះក្នុង ៣ប្រកួតបន្តទៀត ។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះបានថ្លែងថា៖ “យើងរៀនបានច្រើនពីការប្រកួតនេះ ព្រោះប៉ះក្រុមមួយល្អដោយសារម៉ាឡេស៊ីលេងបានអស្ចារ្យមែនទែន ។ យើងពិបាកគ្រប់គ្រងក្នុងការប្រកួតនេះតែយើងក៏មានឱកាសគ្រប់គ្រងបាល់បានច្រើនដែរពិសេសគឺយើងបានផ្លាស់ប្ដូរទម្រង់លេងបន្ដិចបន្ទាប់ពីម៉ាឡេស៊ីនាំមុខយើងមុខ ១គ្រាប់រួចមក ។” លោកបានបន្ថែមថា៖ “យើងព្យាយាមដាក់សម្ពាធដែរ តែការលេងគឺដូច្នេះ ពេលខ្លះដាក់សម្ពាធ ពេលខ្លះក៏អត់ ។ វាគឺជាការល្អប្រសើរព្រោះលទ្ធផល ១-០ យើងធ្វើបានល្អជាងលើកមុនពិសេសគឺការរក្សាទម្រង់លេងបានល្អពេញរយៈពេល ៩០នាទី ។”

ជាមួយគ្នានេះ លោក Felix បានលើកឡើងអំពីករណីអាជ្ញាកណ្តាលថា៖ “ជាទូទៅក្នុងនាមជាមនុស្សតែងតែមានការខុសឆ្គង ប៉ុន្ដែឆ្លងកាត់ការប្រកួតនេះខ្ញុំសង្ឃឹមថានឹងក្លាយជាមេរៀនសម្រាប់អាជ្ញាកណ្ដាលយកទៅកាត់សេចក្ដីនាប្រកួតក្រោយៗដែរ ។ ខ្ញុំសង្ឃឹមថា គាត់នឹងឃើញនូវកំហុសឆ្គងរបស់គាត់ និងកែតម្រូវឲ្យបានល្អប្រសើរ ដូចយើងមើលឃើញកំហុសឆ្គងខ្លួនឯងហើយកែប្រែកំហុសឆ្គងនោះដែរ ។”

អត្ថបទ៖ បុត្រា

មតិយោបល់