Suzuki Cup៖ FFC ប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តក្រុមគោព្រៃ មុនប៉ះម៉ាឡេស៊ីល្ងាចនេះ

នូ មករា November 8, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសត្រៀមប្រាក់រង្វាន់ហើយជាស្រេច ដើម្បីលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធ នារសៀលនេះ បានបញ្ជាក់ថា មន្ដ្រី និងកីឡាករ នៃក្រុមរហស្សនាមគោព្រៃកម្ពុជា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១,០០០ដុល្លារក្នុងម្នាក់ៗភ្លាម សម្រាប់ការទទួលបានជ័យជម្នះក្នុង ១ប្រកួត នៃការប្រកួតវគ្គជម្រុះក្នុងពូល ។ ប៉ុន្តែបើសិនក្រុមជម្រើសជាតិកម្ពុជា ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញ សហព័ន្ធនឹងផ្ដល់ប្រាក់រង្វាន់បន្ថែម ក្នុងម្នាក់ៗ ២,០០០ដុល្លារឯណោះ។
ការប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ដ្រី និងកីឡាករនេះ ធ្វើឡើងស្របពេលក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងពូលA នៅលើទីលានពហុកីឡដ្ឋានជាតិទឹកដីរបស់ខ្លួន នាវេលាម៉ោង ៦៖៣០នាទីយប់នេះ គ្រាដែលការប្រកួតក្នុងពូលA គឺក្នុងមួយក្រុមមាន ៤ប្រកួតក្នុងដៃ ។ ជាក់ស្ដែងកម្ពុជា ក្រោយជួបម៉ាឡេស៊ី នឹងបន្ដជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាថ្ងៃទី១២ ខែវិច្ឆិកា, ជួបក្រុមភ្ញៀវឡាវ នាថ្ងៃទី២០ ខែវិច្ឆិកា និងជួបក្រុមខ្លាំងវៀតណាម នាថ្ងៃទី២៤ ខែវិច្ឆិកា ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់