AFF Suzuki Cup៖ កម្ពុជា ឬម៉ាឡេស៊ី បាន ៣ពិន្ទុបើកឆាកពូលA ល្ងាចនេះ?

នូ មករា November 8, 2018


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្នុងជំនួបបើកឆាកពូលA នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2018 ។ ចាំមើលតើក្រុមម្ចាស់ផ្ទះ ឬក្រុមភ្ញៀវ នឹងទទួលបាន ៣ពិន្ទុពីការប្រកួតដំបូងនេះ? សម្រាប់លោក Felix គ្រូបង្វឹកកម្ពុជា បានលើកឡើងថា នេះគឺជាការប្រកួតដ៏សំខាន់ ហើយកូនក្រុមខ្លួន ក៏បានត្រៀមហើយជាស្រេច ដើម្បីប្រជែងពិន្ទុជាមួយម៉ាឡេស៊ីផងដែរ ។

 

គ្រូជនជាតិអាហ្សង់ទីនរូបនេះ បានអះអាងថា ទោះបីជំនួបមិត្តភាព កម្ពុជា ធ្លាប់ចាញ់ម៉ាឡេស៊ី តែឥលូវក្រុមខ្លួនបានកែប្រែចំណុចខ្វះខាតនោះបានច្រើនហើយ ហេតុនេះលោករំពឹងពួកគេ នឹងព្យាយាមធ្វើបានល្អក្នុងជំនួបផ្លូវការល្ងាចនេះ ពិសេសគឺលោកចង់ឃើញកូនក្រុមខ្លួនលេងបានល្អ ៩០នាទីពេញតែម្ដង ។ ឯគ្រូម៉ាឡេស៊ីលោក Tan Cheng Hoe នៅតែគោរពក្រុមគោព្រៃកម្ពុជាដដែល ទោះបីពួកគេបានបន្ថែមសមាជិកថ្មី ១០នាក់ក្ដី ។ លោកថា កម្ពុជាជិតដល់បុណ្យឯករាជជាតិ ដូច្នេះកម្ពុជា នឹងមានកម្លាំងចិត្តប្រយុទ្ធកាន់តែខ្លាំង ហេតុនេះលោកមិនអាចធ្វេសប្រហែស ចំពោះក្រុមម្ចាស់ផ្ទះបានឡើយ ។

 

តែយ៉ាងណាលោកបានសង្កត់ធ្ងន់ថា លោកមកទីនេះ គឺដើម្បីឈ្នះ ហេតុនេះក្រុមខ្លួននឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើម ៣ពិន្ទុត្រឡប់ទៅផ្ទះវិញ ។ សូមរំឮកថា ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda និងគ្រូបង្វឹកលោក Felix នៅមិនទាន់ស្គាល់ពាក្យឈ្នះនោះទេ ក្រោយឆ្លងកាត់ការប្រកួតមិត្តភាព ៣លើកកន្លងទៅ ។ ដូច្នេះចាំមើលល្ងាចនេះ តើលោកនឹងយុទ្ធសាស្ដ្រ ឬការផ្លាស់ប្ដូរយ៉ាងណា ដើម្បីស្វែងរកជ័យជម្នះលើកដំបូង ក្នុងការដឹកនាំរបស់ខ្លួន?
អត្ថបទ៖ បុត្រា

មតិយោបល់