AFC U23 Championship 2020: កម្ពុជា​ នឹងធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល H ដោយត្រូវប៉ះក្រុមខ្លាំង ៣ទៀត!

នូ មករា November 7, 2018


គូឡាឡាំពួ៖ យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាសុី (AFC) បានឱ្យដឹងថា ក្រុម U23 កម្ពុជាត្រូវស្ថិតនៅពូល H ជាមួយក្រុមខ្លាំង ៣ទៀតគឺកូរ៉េខាងត្បូង, អូស្ត្រាលី និងឆាយនីសតៃបុិ​ ខណៈដែលកម្ពុជាក៏នឹងត្រូវបំពេញតួនាទីជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះពូល H នេះផងដែរ ។ យោងតាមការគ្រោងទុក ជំនួបនៃពូល H នេះនឹងចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ខាងមុខ ។

សូមបញ្ជាក់ថា ការប្រកួតពាន U23 ដ៏ធំប្រចាំទ្វីបអាសុីនេះមានការបែងចែកជា ២តំបន់គឺប៉ែកខាងកើត (East Zone) ដែលរួមមាន ៥ពូល និងប៉ែកខាងលិច ( West Zone) ដែលចែកចេញជា ៦ពូលហើយក្នុងពូលនីមួយៗមាន ៤ក្រុមដូចគ្នា ។ សម្រាប់ ១១ក្រុមដែលឈរចំណាត់ថ្នាក់លេខ១ តាមពូលទាំងអស់នឹងត្រូវឡើងទៅវគ្គបន្ត (វគ្គ ១៦ក្រុមចុងក្រោយ) រួមជាមួយក្រុមម្ចាស់ផ្ទះថៃដែលមានសិទ្ធិឡើងដោយស្វ័យប្រវត្តិ និង ៤ក្រុមផ្សេងទៀតដែលត្រូវបានជ្រើសរើសពីក្រុមឈរចំណាត់ថ្នាក់លេខ២ ល្អជាងគេ (ដែលមានពិន្ទុខ្ពស់ជាងគេ ឬគ្រាប់បាល់ច្រើនជាងគេជាដើម) ។

សម្រាប់ព្រឹត្តិការណ៍ AFC U23 Championship 2020 នឹងត្រូវធ្វើឡើងនៅប្រទេសថៃ ហើយកាលពីដើមឆ្នាំ២០១៨នេះក្រុមជម្រើសជាតិអ៊ូបេគីស្ថាន បានគ្រងតំណែងជើងឯក ក្រោយបានផ្តួលក្រុមជម្រើសជាតិវៀតណាមនាវគ្គផ្តាច់ព្រ័ត្រជាមួយនឹងលទ្ធផល ២-១ រួចមក ៕
អត្ថបទ៖ មករា

មតិយោបល់