ក្លឹបថៃ Buriram ចាប់ដៃគូជាមួយក្លឹបអាល្លឺម៉ង់ដ៏ Dortmund ដើម្បីអភិវឌ្ឍធនធានយុវជន

នូ មករា November 7, 2018


ថៃ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ដ៏ធំរបស់ថៃ Buriram United បានឱ្យដឹងថា ក្លឹបជើងឯកលីគកំពូលថៃនេះបានចុះកិច្ចព្រមព្រៀងដើម្បីចាប់ដៃគូជាផ្លូវការជាមួយក្លឹបជើងឯកលីគកំពូលអាល្លឺម៉ង់ដ៏ ៨សម័យកាល Borussia Dortmund ក្នុងគោលដៅអភិវឌ្ឍនធនធានយុវជនក៏ដូចជាពង្រឹងសមត្ថភាពរបស់ពួកគេតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ឬការចេញទៅហ្វឹកហាត់នៅដែនដីមហាអំណាចទ្វីបអឺរ៉ុបនេះ ។

លោក Nevin Chidchob ប្រធានក្លឹប Buriram United បានបញ្ជាក់ថា Dortmund គឺជាក្លឹបមួយដែលលោកតែងតែកោតសរសើរជានិច្ចជាពិសេសលើទម្រង់លេង ការរៀបចំក្រុមព្រមទាំងវិធីសាស្ត្រទំនាក់ទំនងជាមួយក្រុមអ្នកគាំទ្រជាដើម ជាក់ស្តែងស្ទើររាល់ការប្រកួតទាំងអស់សំបុត្រទស្សនាត្រូវបានលក់ចេញក្នុងចំនួនដ៏ច្រើន ខណៈដែលអ្នកគាំទ្រដែលមានរហស្សនាមថា “Yellow Wall” បានបង្ហាញខ្លួនយ៉ាងច្រើនកុះករ ។ លោក Nevin បានបន្ថែមថា ទោះបីមានប្រវត្តិឈ្នះពានចំនួន ២៥ក្នុងរយៈពេល ៩ឆ្នាំក៏ដោយ ប៉ុន្តែ Buriram United នៅតែត្រូវការបោះជំហានឆ្ពោះទៅមុខខ្លាំងជាងនេះហើយសង្ឃឹមថា ចំណងមិត្តភាពជាមួយក្លឹបយក្សអាល្លឺម៉ង់ដ៏នេះនឹងអាចរួមចំណែកឱ្យខ្លួនសម្រេចគោលដៅនេះបាន ។​

សូមបញ្ជាក់ថាដើម្បីអបអរការក្លាយជាដៃគូផ្លូវការនេះក្លឹបទាំងពីរនឹងរៀបចំការប្រកួតមិត្តភាពមួយនៅកីឡដ្ឋាន Chang Arena ដែលជាមូលដ្ឋានរបស់ក្លឹប Buriram United នៅថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០១៨ រវាងក្រុម  Dortmund Legend  Team និងក្រុម Buriram Selection Team ។ គួររំលឹកដែរថា Borussia Dortmund គឺជាក្លឹបបាល់ទាត់ដំបូងគេនៅអាល្លឺម៉ង់ដ៏ដែលបានឈានចូលទ្វីបអាសុីតាមរយៈការបើកការិយាល័យរបស់ខ្លួនលើទឹកដីសិង្ហបុរីកាលពីឆ្នាំ២០១៤ បន្ទាប់មកបានពង្រីកសកម្មភាពទៅដល់ប្រទេសម៉ាឡេសុី, ជប៉ុន និងចិន រួចទើបចូលមកកាន់ប្រទេសថៃដោយបានសហការជាមួយក្លឹប Suphanburi នាឆ្នាំ២០១៦ក្នុងគោលបំណងបណ្តុះបណ្តាលយុវជនថ្នាល ហើយបានបន្តបង្កើតចំណងមិត្តភាពជាមួយក្រុម Bangkok Airways  ទៀតកាលពីដើមឆ្នាំនេះ ៕

អត្ថបទ៖ មករា

មតិយោបល់