AFF Suzuki Cup: ម៉ាឡេសុី បន្ថែមកីឡាករ ១០រូបសម្រាប់ជំនួបជាមួយកម្ពុជាស្អែកនេះ!

នូ មករា November 7, 2018


ភ្នំពេញ៖ លោក Tan Cheng Ho គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេសុី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះថា លោកបានបន្ថែមកីឡាករ ១០រូបទៅក្នុងបញ្ជីឈ្មោះកីឡាករដែលនឹងត្រូវជួបក្រុមកម្ពុជានៅថ្ងៃស្អែកក្នុងការប្រកួតបើកឆាកព្រឹត្តិការណ៍ AFF Suzuki Cup 2018 ខណៈដែលលោកជឿជាក់ថា ក្រុមម្ចាស់ផ្ទះនឹងធ្វើបានល្អជាងការប្រកួតមិត្តភាពកន្លងមក ។

គ្រូបង្វឹកវ័យ ៥០ឆ្នាំរូបនេះបានបន្ថែមថា ក្រុមកម្ពុជានឹងប្រកួតប្រកបដោយឆន្ទៈខ្ពស់ ព្រោះថាខិតជិតដល់បុណ្យឯករាជជាតិកម្ពុជា ដូច្នេះវាគឺជាការជំរុញដ៏ខ្លាំងមួយសម្រាប់ក្រុមកម្ពុជា ក្នុងការខិតខំប្រឹងប្រែង និងប្រជែងជ័យជម្នះក្នុងការប្រកួតនេះមួយវិញទៀតនេះជាការប្រកួតផ្លូវការមិនដូចការប្រកួតមិត្តភាពមុនៗទេ ហេតុនេះកីឡាករក៏មានទឹកចិត្តខុសពីពេលកន្លងដែរ ។ យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា លោកបានបន្ថែមកីឡាករ ១០នាក់ទៀតសម្រាប់ត្រៀមជួបកម្ពុជានៅថ្ងៃស្អែកក៏ដូចជាក្នុងព្រឹត្តិការណ៍ AFF Suzuki Cup នេះផងដែរ ។

គួរបញ្ជាក់ថា លោក Tan Cheng Hoe មានបទពិសោធន៍ជោគជាំនៅក្នុងប្រទេសម៉ាឡេសុីទាំងកម្រិតយុវជន និងឈុតធំ ក៏ដូចជានៅក្នុងក្លឹប Kedah ផងដែរ ។ គ្រូបង្វឹកដែលមានទំនោរចិត្តលេងទម្រង់ប្រយុទ្ធរូបនេះធ្លាប់ដឹកនាំក្រុម Kedah ឈ្នះជើងឯកពាន 2016 Malaysia Cup ហើយកាលពីឆ្នាំ២០១០ ធ្លាប់បំពេញតួនាទីជាគ្រូជំនួយក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ 2010 AFF Suzuki Cup ជាឆ្នាំដែលក្រុមម៉ាឡេសុីបានគ្រងតំណែងជើងឯកជាលើកដំបូងផងដែរនោះ ៕

អត្ថបទ៖ មករា

មតិយោបល់