FFC បង្ហាញបញ្ជីឈ្មោះកីឡាករ ត្រៀមពាន Suzuki Cup តែផ្ទុះការភ្ញាក់ផ្អើលរឿង សុះ ស៊ូហាណា!

នូ មករា November 6, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ នៃក្រុមជម្រើសជាតិកម្ពុជាដើម្បីការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ជាផ្លូវការហើយ ដោយមានសមាជិកសរុប ២៣នាក់ នាព្រលប់ថ្ងៃទី០៦ ខែវិច្ឆិកានេះ ។ ប៉ុន្ដែទន្ទឹមជាមួយគ្នា សហព័ន្ធបានបង្កឲ្យមានការភ្ញាក់ផ្អើលមួយ ពាក់ព័ន្ធនឹងកីឡាករ សុះ ស៊ូហាណា ដែលមិនស្ថិតក្នុងបញ្ជីឈ្មោះប្រកាសលើកដំបូងថ្ងៃនេះ ។

 

គួរបញ្ជាក់ថា នៅព្រលប់ថ្ងៃអង្គារនេះ សហព័ន្ធបានប្រកាសបញ្ជីឈ្មោះកីឡាករក្រុមរហស្សនាមគោព្រៃកម្ពុជា ២លើកលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយប្រកាសលើកទី១ មានសមាជិកត្រឹម ២២នាក់ប៉ុណ្ណោះ ប៉ុន្ដែបន្ដិចក្រោយមក សហព័ន្ធបានលុបចេញភ្លាមៗ ហើយធ្វើការបង្ហោះសារជាថ្មី ដោយមានបន្ថែមកីឡាករម្នាក់ គឺកីឡាករ សុះ ស៊ូហាណា ធ្វើឲ្យសមាជិកក្រុមគោព្រៃកើនដល់ ២៣នាក់ ហើយក៏បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រផងដែរ រហូតមានអ្នកខ្លះ បានលើកឡើងថា វាគឺជាការធ្វេសប្រហែសរបស់មន្ដ្រីសហព័ន្ធ ។
យ៉ាងណាមិញបញ្ជីឈ្មោះកីឡាករក្រុមគោព្រៃកម្ពុជា ត្រូវបានប្រកាសជាផ្លូវការហើយ ដើម្បីត្រៀមបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលជាជំនួបបើកឆាកពូលA ។ អ្វីដែលពិសេស ដើម្បីចូលរួមទស្សនាការប្រកួតក្នុងដី ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Keisuke Honda នេះ អ្នកគាំទ្រក៏អាចរកទិញសំបុត្រ តាមរយៈ Pi Pay បានផងដែរ ហើយថែមទាំងទទួលបាននូវការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ទៀតហើយ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់