កីឡាករជើងចាស់ ពុំ តុលា ប្តូរមកភ្នំពេញក្រោនរដូវកាលថ្មី ក្រោយរួមរស់ជាមួយទ័ពជាង ១០ឆ្នាំ

នូ មករា November 6, 2018


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា កីឡាករជើងចាស់ ពុំ តុលា បានសម្រេចប្តូរមកចូលរួមជាមួយក្រុមជើងឯក ៦សម័យកាលនេះសម្រាប់រដូវកាលថ្មីឆ្នាំ២០១៩ បន្ទាប់ពីបានរួមរស់ជាង ១០ឆ្នាំជាមួយក្រុមក្រសួងការពារជាតិ ឬទ័ពរួចមក ។ សូមបញ្ជាក់ថា ខ្សែការពារឆ្វេងរូបនេះបានចាប់ផ្តើមអាជីពបាល់ទាត់នៅឆ្នាំ២០០៤ បន្ទាប់មកបានផ្អាកមួយរយៈមុននឹងចូលលេងនៅក្លឹបភ្នំពេញក្រោនកាលពីពាក់កណ្តាលឆ្នាំ២០០៦ ។

ក្រោយមកនៅចុងឆ្នាំ២០០៧ រូបគេបានផ្លាស់មកលេងឱ្យក្លឹបក្រសួងការពារជាតិវិញ ព្រមទាំងត្រូវបានជ្រើសរើសចូលជាសមាជិកក្រុមយុវជនអាយុក្រោម១៧ឆ្នាំក្រោមការដឹកនាំរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ផងដែរ ។ បន្ទាប់មកនៅឆ្នាំ២០១១ កីឡាកររូបនេះត្រូវបានជ្រើសរើសចូលក្រុមឈុតធំជម្រើសជាតិក្រោមការដឹកនាំរបស់លោកគ្រូ Lee Tae Hoon ហើយចុងក្រោយបានជាប់ម្តងទៀតនៅឆ្នាំ២០១៧ ដែលជ្រើសរើសដោយអតីតគ្រូធំក្រុមគោព្រៃលោក Leonardo Vitorino ផ្ទាល់ ខណៈដែលពេលនេះ លោកក៏ទើបតែទទួលតំណែងជាគ្រូបង្វឹកក្រុមភ្នំពេញក្រោនផងដែរនោះ ៕

អត្ថបទ៖ មករា

មតិយោបល់