កូនប្រុសលោក ប្រាក់ សុវណ្ណារ៉ា រកឃើញទ្រនំថ្មី ក្រោយចែកផ្លូវជាមួយស្វាយរៀង

នូ មករា November 5, 2018


ភ្នំពេញ៖ ទីបំផុតកីឡាករ ប្រាក់ សុវណ្ណពិសិដ្ឋ កូនប្រុសបង្កើតរបស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណរ៉ា បានរកឃើញទ្រនំថ្មី ដើម្បីបន្ដអាជីពបាល់ទាត់របស់ខ្លួនហើយ បន្ទាប់ពីត្រូវក្រុមព្រះខ័នរាជស្វាយរៀង ប្រកាសចែកផ្លូវកាលពីពេលថ្មីៗកន្លងទៅ ។ សម្រាប់ក្លឹបថ្មីដែល ពិសិដ្ឋ ត្រូវរួមរស់ជាមួយនារដូវកាលថ្មីខាងមុខ គឺក្រុមសូលទីឡូអង្គរ ក្រោយក្លឹបបានប្រកាសចុះកិច្ចសន្យាផ្លូវការ នារសៀលថ្ងៃទី០៥ ខែវិច្ឆិកានេះ ប៉ុន្ដែមិនបានបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យានោះទេ ។

ពិសិដ្ឋ គឺជាកីឡាករចំណូលថ្មីទី១ ហើយ ដែលត្រូវបានក្លឹបគ្រប់គ្រងដោយអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda នាំចូលរួមសម្រាប់ត្រៀមរដូវកាលឆ្នាំ២០១៩ ខាងមុខ ។ គួរបញ្ជាក់ថា ប្រាក់ សុវណ្ណពិសិដ្ឋ បានផ្ដើមអាជីពបាល់ទាត់ កាលពីឆ្នាំ២០១០ ក្នុងវ័យ ១៣ឆ្នាំ ជាមួយក្រុមថ្នាលយុវជនក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់មកទើបត្រូវបានគ្រូបង្វឹកជំនាន់លោក សំ វ៉ាន់ដេត ដឹកនាំផ្ដល់ឱកាសដល់រូបគេឡើងលេងក្រុមធំ ក្នុងឆ្នាំ២០១៥ និងបានជួយក្រុមឈ្នះជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧ ដែលជាពានអាជីពលើកដំបូងរូបគេ ដណ្ដើមបានជាមួយក្លឹប ៕
អត្ថបទ៖ បុត្រា

មតិយោបល់