កីឡដ្ឋានខេត្តកំពង់ស្ពឺទឹកដីរបស់ក្រុមណាហ្គាវើលដ៍អាចនឹងលេចចេញរូបរាងឆាប់ៗនេះ

នូ មករា November 5, 2018


កំពង់ស្ពឺ៖ យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា​ កីឡដ្ឋានខេត្តកំពង់ស្ពឺដែលនឹងត្រូវស្ថាបនាឡើងក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនណាហ្គាវើលដ៍អាចនឹងលេចចេញជារូបរាងនាពេលឆាប់ៗនេះហើយទោះបីជាមិនទាន់មានការកំណត់ពេលវេលាច្បាស់លាស់ក្តីប៉ុន្តែប្រភពមួយបានអះអាងថា គម្រោងនេះអាចនឹងចាប់ផ្តើមក្នុងកំឡុងឆ្នាំ២០១៩ខាងមុខ ស្របពេលដែលភាគីពាក់ព័ន្ធកំពុងពិភាក្សាបន្ថែមមុននឹងឈានទៅរកការសម្រេចជាផ្លូវការ ។

សូមបញ្ជាក់ថា ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ធ្លាប់បានឯកភាពជាមួយនឹងរដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ដូចជាឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺលើគោលដៅសាងសង់ ក៏ដូចជាកែសម្រួលទីលានបាល់ទាត់ខេត្តដែលមានទីតាំងស្ថិតក្នុងមណ្ឌលកីឡាខេត្តឱ្យមានលក្ខណៈស្តង់ដាដើម្បីបំពេញមុខងារក្នុងការរៀបចំការប្រកួតធំៗបានក្នុងនោះមានដូចជា ការពង្រីកទំហំទីលាន ការកសាងន្លែងអង្គុយដែលអាចទទួលអ្នកទស្សនាបានប្រហែល ៣ ពាន់នាក់ ការកែសម្រួលប្រព័ន្ធភ្លើង និងប្រព័ន្ធលូជាដើម ជាមួយគ្នាក្លឹបក៏នឹងរៀបចំឱ្យមានការចងសម្ព័ន្ធភាពជាដៃគូរវាងក្រុមជម្រើសខេត្តកំពង់ស្ពឺ និងក្រុមបាល់ទាត់ Naga World FC រួមជាមួយអាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធនានាលើគម្រោងនេះផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់