AFF Suzuki Cup: កីឡាករឆ្នើមៗគួរឱ្យចាប់អារម្មណ៍ទាំង ៥ នៅពូល A

នូ មករា November 5, 2018


អន្តរជាតិ៖ ការប្រកួតពាន AFF Suzuki Cup​ 2018 កាន់តែខិតជិតមកដល់ហើយ ខណៈដែលក្រុមទាំង ៥នៅពូល A ដែលរួមមានកម្ពុជា, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេសុី ក៏បានត្រៀមខ្លួនយ៉ាងសស្រាក់ស្រាំដើម្បីប្រជែងគ្នានៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍នេះ ។ ឆ្លងកាត់ការប្រកួតមិត្តភាពជាបន្តបន្ទាប់គេសង្កេតឃើញថា មានកីឡាករឆ្នើមៗ ៥នាក់មកពីក្រុមទាំង ៥ ដែលកំពុងមានភាពលេចធ្លោគួរឱ្យចាប់អារម្មណ៍ថែមទាំងអាច “កីឡាករដ៏មានគ្រោះថ្នាក់” នៅក្នុងពូល A នេះដែលមានដូចជា៖

ប្រាក់ ធីវ៉ា (កម្ពុជា)៖ ខ្សែប្រយុទ្ធវ័យក្មេងនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់គ្រូបង្វឹករបស់ខ្លួន ដោយលោក Felix បានលើកឡើងថា រូបគេមានទម្រង់លេងល្អ និងមានការវិវត្តន៍ខ្លួនបានឆាប់រហ័ស ។ ជាមួយគ្នានេះ កីឡាកររបស់ក្លឹបភ្នំពេញក្រោននេះក៏ទើបតែបដិសេធសំណើររបស់ក្លឹប ២នៅលីគកំពូលថៃផងដែរ ដោយរក្សាគោលដៅសម្រេចបំណងនៅកម្ពុជាសិនមុននឹងចេញទៅប្រកបអាជីពនៅក្រៅស្រុកដែលមានការប្រកួតប្រជែងខ្ពស់នោះ ។ ជាមួយនឹងកម្ពស់ខ្ពស់ និងល្បឿនលឿន យុវជនវ័យ ១៩ឆ្នាំនេះមានឱកាសច្រើនក្នុងការក្លាយជាដៃគូរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដើម្បីបង្កគ្រោះថ្នាក់ចំពោះគូប្រកួតបានគ្រប់ពេល ។

Pham Duc Huy (វៀតណាម)៖ ជាមួយនឹងទម្រង់លេង ៣-៤-៣ របស់ខ្លួន កីឡាករ Pham Duc Huy មានតួនាទីដ៏សំខាន់ក្នុងក្រុមជម្រើសជាតិវៀតណាម ។ ក្នុងនាមជាខ្សែបម្រើប្រយុទ្ធដែលមានសមត្ថភាពខ្ពស់ កីឡាករវ័យ ២៣រូបនេះអាចលេងបានយ៉ាងល្អមិនថាប្រយុទ្ធ ឬការពារនោះទេ ជាពិសេសកាលពីការប្រកួត AFC U23 Championship នាដើមឆ្នាំនេះ  Pham Duc Huy ត្រូវបានទទួលស្គាល់ថាជាកីឡាករសំខាន់​ ឬ Key Player សម្រាប់ក្រុមទាំងមូល ។

Norshahrul Idlan Talaha (ម៉ាឡេសុី)៖ កីឡាករដែលសម្បូរទៅដោយបទពិសោធន៍នេះនឹងអាចទាត់បញ្ចូលទីគូប្រកួតក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំនេះបានជាបន្តបន្ទាប់ ជាក់ស្តែងទោះបីមានវ័យ ៣២ឆ្នាំពិតមែន ប៉ុន្តែ Norshahrul Idlan Talaha នៅតែមានភាពលេចធ្លោ រឹងមាំប្រកបដោយថាមពល ហើយបង្ហាញទម្រង់លេងដ៏ល្អក្នុងកំឡុងពេលប្រមូលផ្តុំហ្វឹកហាត់កន្លងមក ជាពិសេសរូបគេក៏ធ្លាប់រកបានគ្រាប់បាល់ជាច្រើនហើយកាលពីការប្រកួត AFF Suzuki Cup 2014 កន្លងមក ។

Soukaphone Vongchiengkham (ឡាវ)៖ ជាមួយនឹងភាពជាអ្នកដឹកនាំ ក៏ដូចជាការទទួលបានក្តីគោរពស្រលាញ់ពីមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួនផងនោះ Soukaphone Vongchiengkham បានបំពេញតួនាទីដ៏សំខាន់ក្នុងការជំរុញក្រុមទាំងមូលឱ្យទទួលបានលទ្ធផលល្អនាការប្រកួតកន្លងមក ព្រមទាំងក្នុងការប្រកួត AFF Suzuki Cup ឆ្នាំជាមិនខាន ។ កីឡាករវ័យ ២៦ឆ្នាំនេះមានបទពិសោធន៍លេងនៅក្រៅស្រុក និងជា playmaker ម្នាក់ដែលអាចនាំកូនក្រុមប្រកួតប្រជែងដោយស្វិតស្វាញស្ទើរគ្រប់ការប្រកួត ។

មតិយោបល់