AFF Futsal Championship: ជម្រើសជាតិកម្ពុជា ចាញ់ ម៉ាឡេសុី ១០-០ ថ្ងៃនេះ

នូ មករា November 5, 2018


ឥណ្ឌូនេសុី៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានរងបរាជ័យយ៉ាងដំណំក្រោមថ្វីជើងក្រុមជម្រើសជាតិហ្វូតសាលម៉ាឡេស៊ី ជាមួយលទ្ធផល ១០-០ សម្រាប់ជំនួបបើកឆាកពូលA នៃពានរង្វាន់ AFF Futsal Championship 2018 នៅកីឡដ្ឋាន UNY ប្រទេសឥណ្ឌូនេស៊ី នៅសៀលថ្ងៃទី០៥ ខែវិច្ឆិកានេះ ។

ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញលើទីលានតូចនេះ ក្រុមជម្រើសជាតិហ្វូតសាលម៉ាឡេស៊ី បានបំប៉ោងសំណាញ់ទីកម្ពុជា ៤គ្រាប់នៅតង់ទី និង ៦គ្រាប់នៅតង់ទី២ ។ រីឯក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ក៏មានឱកាសម្ដងម្កាលក្នុងការវាយបកដែរ តែធ្វើមិនបានសម្រេច ដែលធ្វើឲ្យពួកគេរបូត ៣ពិន្ទុក្នុងការប្រកួតបើកឆាករបស់ខ្លួន មុនបន្ដជួបក្រុមមីយ៉ាន់ម៉ា នាវេលាម៉ោង ១១៖៣០នាទីព្រឹកស្អែក ។

គួរបញ្ជាក់ថា នេះគឺជាលើកទី១ ហើយ ដែលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ហ្វូតសាលពានរង្វាន់ AFF Futsal Championship 2018 ក្រោយខកខានអស់ ៥ឆ្នាំ បើគិតចាប់ពីឆ្នាំ២០១២ មក ។ បេសកម្មនេះ កម្ពុជាស្ថិតក្នុងពូលA ជាមួយគូប្រជែងដែលសុទ្ធតែជាក្រុមខ្លាំងៗ រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីនដែលបានសុំដកខ្លួនចេញវិញ ។  ចំពោះក្រុមកម្ពុជានឹងត្រូវបន្តជួបក្រុមមីយ៉ាន់ម៉ា នាថ្ងៃទី៦ ស្អែកនេះ មុននឹងប៉ះក្រុមម្ចាស់ផ្ទះឥណ្ឌូនេសុីនាថ្ងៃទី៧ ខាងមុខ ៕

អត្ថបទ៖ បុត្រា

 

 

 

មតិយោបល់