ពិតអត់ ចាន់ វឌ្ឍនាកា នឹងចាកចេញពីបឹងកេត?

នូ មករា November 5, 2018


ភ្នំពេញ៖ បន្ទាប់ពីកីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហោះសារមួយឃ្លា លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីល្ងាចមិញ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ហើយបានដាក់ការសង្ស័យថា ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាពរូបនេះ ទំនងត្រូវចាកចេញពីបឹងកេត នារដូវកាលក្រោយ ។ សារធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនេះ បានសរសេរថា៖ «ពិតជាអរគុណណាស់សម្រាប់រយះពេលប៉ុន្មានឆ្នាំមកនេះ ហើយយើងអាចនិយាយថាគ្មានពេលជួបជុំណាមិនបែកគ្នាទេ» ។
ការបង្ហោះសារបែបនេះ គឺ ចាន់ វឌ្ឍនាកា ហាក់បង្ហាញចេតនាអរគុណដល់ក្លឹបបឹងកេត ហើយក៏ត្រៀមរើបង្វេច ដើម្បីផ្លាស់ទ្រនំថ្មីផងដែរ ស្របពេលអ្នកគាំទ្រ សុទ្ធតែបង្ហាញការសាទរ ឲ្យតែខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ នៅតែបន្ដអាជីពបាល់ទាត់ ។ ប៉ុន្ដែរហូតមកទល់ពេលនេះ ទាំងក្លឹបបឹងកេត និងសាមីខ្លួន នៅមិនទាន់ប្រកាសផ្លូវការ ពាក់ព័ន្ធរឿង វឌ្ឍនាកា ត្រូវចាកចេញ ឬអត់នោះទេ ស្របពេលថ្មីៗនេះ ក៏គ្មានលេចលឺព័ត៌មានមានក្លឹបបរទេស ឬក្លឹបក្នុងស្រុកណាតាមចែចូវអតីតសមាជិកក្លឹប Pahang FA ដែរ ដែលផ្ទុយពីសព្វដង ព្រោះរាល់ពេល វឌ្ឍនាកា ត្រៀមផ្ទេរទៅក្លឹបណាមួយ តែងតែបែកធ្លាយព័ត៌មានដូចព្យុះ មិនថាក្នុងបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឬក្រៅស្រុកនោះទេ ។
 
ដូច្នេះពាក់ព័ន្ធនឹងសារខាងលើ គឺស្ថិតក្នុងមន្ទិលសង្ស័យរបស់អ្នកគាំទ្រនៅឡើយ តែមានអ្នកខ្លះ បានអះអាងថា រដូវកាលថ្មីខាងមុខ ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ នឹងត្រូវចាកចេញពីបឹងកេត ទៅលេងឲ្យក្លឹបមួយ នៃលីគកំពូលថៃ ។ តែកីឡាករមានដើមកំណើតពីខេត្តកំពតរូបនេះ ធ្លាប់បានអះអាងថា ប្រសិនបើខ្លួន បន្ដអាជីពបាល់ទាត់ក្នុងស្រុក បឹងកេតនៅតែជាជម្រើសទី១ ។ ហេតុនេះបើ វឌ្ឍនាកា ប្ដូរទ្រនំថ្មីមែន មានន័យថា ភាគរយច្រើន គេមានតែទៅលេងក្រៅស្រុកប៉ុណ្ណោះ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់