ស៊ាន ភីសារ ត្រឡប់មកទ្រនំចាស់ភ្នំពេញក្រោនវិញ ក្រោយចាកចេញ ២រដូវកាល

នូ មករា November 4, 2018


 ភ្នំពេញ៖ ខ្សែបម្រើ ស៊ាន ភីសារ បានវិលមកកាន់កីឡដ្ឋាន RSN វិញហើយ ក្រោយចាកចេញពីក្លឹបភ្នំពេញក្រោយអស់រយៈពេល ២រដូវកាល ដើម្បីត្រៀមជួយអតីតក្រុមជើងឯក ៦សម័យកាលនេះ នារដូវកាលថ្មីខាងមុខ ។ នេះបើតាមការប្រកាសលើផេកផ្លូវការរបស់ក្លឹបភ្នំពេញក្រោន កាលពីព្រឹកមិញ ។ កីឡាករមានដើមកំណើតពីខេត្តបាត់ដំបូងនេះ បានផ្ដើមអាជីពបាល់ទាត់ដំបូង ជាមួយអតីតក្លឹបបៀលប្រាយយូណាយធីត ក្នុងឆ្នាំ២០១៤ បន្ទាប់មកបានផ្ទេរមកកាន់ក្លឹបភ្នំពេញក្រោន ក្នុងឆ្នាំ២០១៥ ។

ក្រោយបំពេញបេសកកម្មលើទឹកដី RSN បាន ២រដូវកាល ភីសារ ត្រូវបានក្លឹបក្រសួងការពារជាតិ ខ្ចីជើង ១រដូវកាលក្នុងឆ្នាំ២០១៧ ។ ក្រោយជួយក្រុមក្រសួងការពារជាតិ ឈ្នះជើងឯកលីគកំពូលកម្ពុជា អតីតកីឡាករជម្រើសជាតិ U22 រូបនេះ ក៏បានផ្ទេរបន្ដទៅក្លឹបវិសាខា ដែលទើបឡើងមកលេងលីគកំពូលកម្ពុជាលើកដំបូង ក្នុងឆ្នាំ២០១៨ ហើយបានរួមចំណែកជួយក្រុមលោក ហុក សុជីវ័ន ទទួលបានចំណាត់ថ្នាក់លេខ៣ មុនបន្ដផ្ទេរមកទ្រនំចាស់ គឺក្លឹបភ្នំពេញក្រោនវិញ ដើម្បីត្រៀមរដូវកាលឆ្នាំ២០១៩ ខាងមុខ ៕
អត្ថបទ៖ បុត្រា

មតិយោបល់