AFF Suzuki Cup: មកស្គាល់សមាសភាពគ្រូបង្វឹកទាំង ៥ នៅពូល B វិញម្តង

នូ មករា November 3, 2018


អន្តរជាតិ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ ព្រឹត្តិការណ៍ AFF Suzuki Cup ដែលជាការប្រកួតបាល់ទាត់ដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍នឹងត្រូវចាប់ផ្តើមជាផ្លូវការហើយ ។​ ជាមួយគ្នានេះដែរ ក្រុមនីមួយៗសុទ្ធតែបានឆ្លងកាត់ការប្រមូលផ្តុំហ្វឹកហាត់ក៏ដូចជាប្រកួតជាលក្ខណៈមិត្តភាពជាបន្តបន្ទាប់ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្តងនេះ ។ មិនខុសពីឆ្នាំកន្លងមកឡើយ ក្នុងឆ្នាំ២០១៨នេះមានការបែងចែកជា ២ពូលដោយពូល A មាន ៥ក្រុមដូចជា កម្ពុជា, ម៉ាឡេសុី, វៀតណាម, មីយ៉ាន់ម៉ា និងឡាវ ។ ចំណែកពូល B មាន ៥ ក្រុមដែរគឺ ថៃ, សិង្ហបុរី, ឥណ្ឌូនេសុី, ហ្វីលីពីន និងទីម័រខាងកើត ។ ថ្ងៃនេះយើងខ្ញុំសូមជម្រាបជូនលោកអ្នកនូវសមាសភាពគ្រូបង្វឹករបស់បណ្តាក្រុមទាំង ៥នៃពូល B ដែលមានដូចតទៅ៖

ថៃ៖ លោក Milovan Rajevac គឺជាគ្រូបង្វឹកតែម្នាក់គត់ក្នុងចំណោមអ្នកដឹកនាំក្រុមទាំង ១០នៅ AFF Suzuki Cup ឆ្នាំនេះដែលមានបទពិសោធន៍ធ្លាប់ដឹកនាំក្រុមជម្រើសជាតិនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ដោយកាលឆ្នាំ២០១០កន្លងមក បុរសជនជាតិសែប៊ីរូបនេះបានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីរូបលោកជួយឱ្យក្រុមជម្រើសជាតិហ្គាណាបានទទួលលទ្ធផលល្អនិងបានឡើងដល់វគ្គ ៨ក្រុមចុងក្រោយក្នុងការប្រកួតបាល់ទាត់ដ៏ធំបំផុតក្នុងលោកនេះថែមទៀតផង ។ សម្រាប់ឆ្នាំនេះវិញ គ្រូបង្វឹកវ័យ ៦៤ឆ្នាំនេះកំពុងទទួលបន្ទុកដ៏ធំមួយពោលគឺត្រូវត្រៀមខ្លួនដើម្បីប្រជែងការពារតំណែងជើងឯកពាន​ AFF Suzuki Cup តែម្តង ខណៈដែលសមាជិកជើងចាស់លេចធ្លោ ៤រូបរបស់ក្រុមដំរីសឹកថៃគឺកីឡាករ Chanathip Songkrasin , Teerasil Dangda, Theerathon Bunmathan និងអ្នកចាំទី Kawin Thamsatchanan មិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិថៃនោះទេ ។

ឥណ្ឌូនេសុី៖ នេះជាលើកដំបូងហើយសម្រាប់លោក Bima Sakti ដែលត្រូវដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេសុីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ ​AFF Suzuki Cup ដូចករណីរបស់អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា Keisuke Honda និងដៃស្តាំ Felix Dalmas ដែរ ។ ជាងនេះទៅទៀត អតីតខ្សែបម្រើប្រយុទ្ធរូបនេះបានក្លាយជាជនជាតិឥណ្ឌូនេសុីទី១ ដែលបានបង្ហាញខ្លួនលើទីលានក្នុងនាមជាកីឡាករផង និងជាគ្រូបង្វឹកដឹកនាំក្រុមជម្រើសជាតិនៅក្នុងការប្រកួតពាន AFF Suzuki Cup ផង ។ ជាមួយនឹងប្រវត្តិជោគជ័យ លោក Bima Sakti ធ្លាប់ជួយក្រុម PSM Makassar ឈ្នះជើងឯកលីគកំពូលកាលពីឆ្នាំ២០០០ ថែមទាំងបានជួយក្រុមជម្រើសជាតិឥណ្ឌូនេសុីឈ្នះមេដាយសំរឹទ្ធសុីហ្គេមឆ្នាំ១៩៩៩ ផងដែរ ។

ហ្វីលីពីន៖ ជាមួយនឹងបទពិសោធន៍ជាង ៥ឆ្នាំនៅបណ្តាក្លឹបធំៗក្នុងប្រទេសថៃ និងនៅតំបន់អាសុី លោក Scott Cooper ត្រូវបានផ្តល់ក្តីរំពឹងថា ជាបុរសខ្លាំងមួយរូបដែលមានសមត្ថភាពអាចដឹកនាំក្រុមហ្វីលីពីនទទួួលបានលទ្ធផលល្អសម្រាប់ឆ្នាំនេះ ជាពិសេសបន្ទាប់ពីគ្រូបង្វឹកជនជាតិអង់គ្លេសវ័យ ៤៨ឆ្នាំនេះបានជួយឱ្យក្រុមជម្រើសជាតិហ្វីលីពីនស្មើក្រុមខ្លាំងមួយចំនួននៅក្នុងតំបន់មជ្ឈឹមបូព៌ាដូចជា បារ៉ែន និងអូម៉ាន់ នាពេលកន្លងមក ។

សិង្ហបុរី៖ ក្នុងវ័យ ៥៦ឆ្នាំ លោក Fandi Ahmad គឺជាគ្រូបង្វឹកដែលមានប្រភពមកពីគ្រួសារកីឡាករបាល់ទាត់ដ៏លេចធ្លោក្នុងប្រទេសសិង្ហបុរីពោលគឺឪពុករបស់លោកក៏ជាអតីតអ្នកចាំទីលំដាប់អន្តរជាតិមួយរួបដែរ ។ សម្រាប់លោក  Fandi Ahmad បទពិសោធន៍ និងភាពជោគជ័យនៅលើទីលានកាលនៅជាកីឡាករគឺពិតជាគុណសម្បត្តិដ៏សំខាន់ជំរុញឱ្យលោកឈរក្នុងតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិជាក់ស្តែងលោកធ្លាប់បានជួយក្រុមឱ្យឈ្នះជើងឯកលីគកំពូលសិង្ហបុរី ២លោកនាឆ្នាំ២០០០ និងឆ្នាំ២០០២ ព្រមទាំងបានដឹកនាំក្រុម Lions XII  ឈ្នះពាន Malaysia FA Cup កាលពីឆ្នាំ២០១៥ ថែមទៀតផង ។

មតិយោបល់